
នគរបាលអ៊ីស្រាអែល បានប្រាប់ឲ្យដឹងថា មនុស្ស ២នាក់ បានរងរបួសនៅក្នុងការវាយប្រហារដោយចាក់នឹងកាំបិត នៅក្នុងផ្សារទំនើបមួយ នៅប្រទេសអ៊ីស្រាអែល នាថ្ងៃពុធ (ទី៣ ខែកក្កដា) នេះ។
នគរបាលបានឲ្យឈ្មោះហេតុការណ៍នេះថា ជាការវាយប្រហារដែលត្រូវបានសង្ស័យថា ជាអំពើភេរវកម្ម ហើយបាននិយាយថា អ្នកវាយប្រហារត្រូវបាន «សម្លាប់»។ គួរបញ្ជាក់ថា ផ្សារទំនើបនេះស្ថិតក្នុងទីក្រុង Karmiel ភាគខាងជើងប្រទេសអ៊ីស្រាអែល។
ក្រុមគ្រូពេទ្យអ៊ីស្រាអែលបាននិយាយថា ពួកគេកំពុងព្យាបាលបុរស ២នាក់ដែលមានអាយុជាង ២០ឆ្នាំ ដោយម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងម្នាក់ទៀតដឹងខ្លួនធម្មតា។ នាពេលនេះ មិនមានការអះអាងទទួលខុសត្រូវភ្លាមៗនៅឡើយទេ៕

