ភ្នំពេញ ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង, នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ។
នៅក្នុងកិច្ចជំនួបនាឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តម Santo Darmosumarto ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងកិច្ចជំនួបសម្តែងការគួរសមនិងពិភាក្សាការងារនេះដែរ ចំណុចសំខាន់ៗមួយចំនួន ត្រូវបានលើកយកមកពិភាក្សា ដែលរួមមាន ការពិនិត្យលទ្ធភាពបន្តឡើងវិញនូវអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យវប្បធម៌ ដែលបានផុតសុពលភាព ការត្រៀមរៀបចំព្រឹត្តិការណ៍អបអរសាទរខួបលើកទី៦៥ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូណេស៊ី និងកិច្ចសហប្រតិបត្តិការលើវិស័យសារមន្ទីរ។
ជាការឆ្លើយតបឯកឧត្តម Santo Darmosumarto បានថ្លែងអំណរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលតែងតែគាំទ្រនិងសហការរៀបចំព្រឹត្តិការណ៍វប្បធម៌ ដែលត្រូវបានរៀបចំឡើងទាំងនៅកម្ពុជានិងឥណ្ឌូណេស៊ី៕
អត្ថបទ ៖ រដ្ឋា












