
រូបភាពវីដេអូឃ្លីបទទួលបានពីទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញការផ្ទុះដ៏ធំមួយនៅក្នុងទីក្រុង Dnipro របស់អ៊ុយក្រែន ស្របពេលដែលក្រុមមន្រ្តីក្នុងតំបន់ រាយការណ៍ថា ជនស៊ីវិលយ៉ាងហោច ៤នាក់ ត្រូវបានសម្លាប់ និងមនុស្សប្រហែល ២៧នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហាររបស់រុស្ស៊ី ។
ក្រុមមន្រ្តីក្នុងតំបន់ និយាយថា ការវាយប្រហារនេះ បានធ្វើឲ្យខូចខាតសាលាមតេយ្យសិក្សា សាលារៀន និងមន្ទីរពេទ្យ ហើយនិងបណ្តាលឲ្យមានអគ្គិភ័យកើតឡើងពេញទីក្រុង ។
កងទ័ពអាកាសអ៊ុយក្រែន និយាយថា កងកម្លាំងរុស្ស៊ី មានគោលដៅលើតំបន់ Dnipropetrovsk ដោយប្រើប្រាស់មីស៊ីលចំនួន ៦គ្រាប់ និងយានដ្រូន Shahed ចំនួន ៤គ្រឿង ។
ពួកគេបន្តថា ប្រព័ន្ធការពារដែនអាកាស អាចបាញ់ទម្លាក់មីស៊ីលចំនួន ៥គ្រាប់ និងយានដ្រូនទាំងអស់ ។
អភិបាលក្រុង Dnipro លោក Borys Filatov បានប្រកាសថ្ងៃកាន់ទុក្ខនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ។
ដោយឡែក អភិបាលតំបន់ Dnipropetrovsk លោក Serhiy Lysak និយាយថា នៅក្នុងចំណោមអ្នករងរបួស មនុស្ស ១១នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយមនុស្ស ២នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត ៕