សៀមរាប ៖ ក្រុមអ្នកបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ របស់អាជ្ញាធរជាតិអប្សរា បានចាត់វិធានការទល់ទ្រពង្រឹង ដើម្បី ជួយសង្រ្គោះប្រាសាទតាដុងឱ្យជៀសផុតពីហានិភ័យ ជាដំណាក់កាលទី១ ។ ការទល់ទ្រនេះ ធ្វើឡើងចាប់ពីថ្ងៃទី ២៤ខែកក្កដា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។
លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា មានឱ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី ២៣ខែសីហា ឆ្នាំ២០២១នេះថា ដោយមើលឃើញ ហានិភ័យរបស់ប្រាសាទតាដុង ក្រុមអ្នកបច្ចេកទេស នៃអាជ្ញាធរ ជាតិអប្សរាបានចាប់ផ្ដើមរៀបចំទល់ទ្រសង្រ្គោះបន្ទាន់ នៅតាមផ្នែកជញ្ជាំងខាងកើត ខណៈដែលឥដ្ឋប្រាសាទដែលបម្រុងជ្រុះធ្លាក់ និងសម្អាតបរិវេណជុំវិញប្រាសាទ។
ជាមួយគ្នានោះ ក្រុមអ្នកបច្ចេកទេសក៏បានធ្វើការសិក្សានិងលើក គម្រោងជួសជុលដើម្បីលើកតម្លៃប្រាសាទតាដុង សម្រាប់ផែនការឆ្នាំខាងមុខផងដែរ។
លោកបានបន្ដថា ការទល់ទ្រនេះបានធ្វើរយៈពេល៧ថ្ងៃ ដោយចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣១ ខែកក្កដា ២០២១ កន្លងមក លោកបញ្ជាក់ថា ការងារនេះធ្វើឡើងក្នុងគោលបំណងអភិរក្ស និងអភិវឌ្ឍន៍ប្រាង្គប្រាសាទបុរាណមួយនេះ បានគង់វង្សយូរអង្វែងទុកអោយកូនចៅជំនាន់ក្រោយបានស្គាល់ និងទស្សនាផងដែរ។
សូមបញ្ជាក់ថា ប្រាសាទតាដុង កសាងឡើងអំពីឥដ្ឋ បែរមុខទៅកើត ក្នុងរចនាបទគូលែន នាអំឡុង សតវត្សទី៩នៃគ.ស ស្ថិតនៅភាគ ខាងកើតនៃ ជម្រាលជើងភ្នំគូលែន មានទីតាំងនៅក្នុងភូមិជប់លើឃុំស្វាយលើ ស្រុកស្វាយលើ។
បច្ចុប្បន្ន ឥដ្ឋនៃខឿនមួយផ្នែករបស់ប្រាសាទឥដ្ឋនេះ បានពុកផុយជ្រុះធ្លាក់ ដោយសារតែមានដើមឈើដុះលើជញ្ជាំង និងដំបូលប្រាសាទ។ចំណែករួតទី១ផ្នែកខាងកើតក៏ជ្រុះធ្លាក់ដោយ សារដើមឈើរលំលើបណ្ដាលឱ្យមានស្នាមប្រេះហែកជញ្ជាំងទាំងបីជ្រុង ៕
អត្ថបទ ៖ ឈិត សាវី





