ភ្នំពេញ ៖ នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជាលើកទី២ ដើម្បីជួយសម្រាលការលំបាក ដល់ជនមានពិការភាពចំនួន៩០នាក់ នៃសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក (VOB) ដែលមានការិយាល័យកណ្តាល ស្ថិតនៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះជនមានពិការភាពទាំងអស់ ជាពិសេសសូមកោតសរសើរចំពោះក្មួយៗទាំងអស់ ដែលបានចូលរួមចំណែកក្នុងការផ្សព្វផ្សាយព័ត៌មាន ពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល តាមរយៈវិទ្យុ FM94.70MHz រាជធានីភ្នំពេញ។ ជាមួយគ្នានេះលោកជំទាវបានឱ្យដឹងថា ចាប់ពីពេលនេះទៅ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន លោកបានយល់ព្រមជូនអំណោយមនុស្សធម៌ ទៅដល់សមាគមនេះក្នុងមួយឆ្នាំចំនួន២លើក គឺលើកទី១ នៅរៀងរាល់ ទិវា នយោបាយ ឈ្ន-ឈ្នះ ២៩ធ្នូ និងលើកទី២នៅមុនរដូវចូលឆ្នាំខ្មែរ។
ឆ្លៀតក្នុងឱកាសនោះលោកជំទាវអគ្គលេខាធិការ បានផ្តាំផ្ញើដល់សមាជិកសមាជិកា នៃសមាគម សូមយកចិត្តទុកដាក់ ថែទាំសុខភាពឱ្យបានល្អ ដោយត្រូវមានទម្លាប់រស់នៅល្អ ប្រកាន់ខ្ជាប់ឥរិយាបថល្អក្នុងការរស់នៅ ជាពិសេសកុំបរិភោគអាហារប្រៃពេក ផ្អែមពេក ខ្លាញ់ពេក និងភេសជ្ជៈកំប៉ុងច្រើនពេក ដែលទាំងអស់នេះអាចបង្ក ឱ្យមានជំងឺបេះដូងសរសៃឈាម ជំងឺទឹកនោមផ្អែម និងជំងឺមហារីកជាដើម។ ទន្ទឹមនឹងនេះ ក៏ត្រូវធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ និងជាប្រចាំ ដើម្បីរាងកាយមាំមួន និងមានសុខភាពល្អផងដែរ។
លោក សែម សំណាង អគ្គនាយកសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក តំណាងឱ្យជនមានពិការភាពទាំង៩០នាក់ បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ កាកបាទក្រហមកម្ពុជា ជាពិសេសអ្នកម្តាយមនុស្សធម៌ ដែលតែងតែគិតគូរ សន្តោសប្រណី ជួយឧបត្ថម្ភគាំទ្រ ដល់បងប្អូនជនមានពិការភាពជាបន្តបន្ទាប់។
លោក សំណាង បានបញ្ជាក់ថា៖ សមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក ត្រូវបានបង្កើតឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១០ ដែលមានទីស្នាក់ការ នៅរាជធានីភ្នំពេញ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តកំពង់ចាម ដែលត្រូវបានទទួលការឧបត្ថម្ភកសាងទាំងស្រុងពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រាបុត្រី។
សូមបញ្ជាក់ថា ដោយសារថាសមាគមនេះទើបនឹងបង្កើតថ្មី ដែលធ្វើឱ្យជនមានពិការភាពនៅក្នុងសមាគមនេះ ជួបប្រទះនូវការលំបាកផ្នែកជីវភាព។ ដោយមើលឃើញពីសេចក្តីត្រូវការចំពោះមុខ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានសម្រេចផ្តល់ការឧបត្ថម្ភជូនដល់សមាគមនេះ ជាលើកទី២ ដែលអំណោយរួមមាន៖ អង្ករ២តោន, អង្ករសុខភាព១០កេស, មី២០កេស, ត្រីខ៥០០កំប៉ុង, ទឹកត្រី១០យួរ, ទឹកស៊ីអ៊ីវ១០យួរ, និងថវិកា១០លានរៀល៕
អត្ថបទៈ សំ ងីម







