
នេះ គឺជាលើកចុងក្រោយ ដែលកសិករលីបង់ Zakaria Farah បានឈានជើងចូលវាលស្រែរបស់ខ្លួន នៅខាងក្រៅទីក្រុង Qlayaa ភាគខាងត្បូង គឺនៅក្នុងខែមករា ប៉ុន្តែវាមិនត្រូវបានដាំដំណំាអ្វីទេ។ ជាមួយនឹងការបាញ់ផ្លោងពីចម្ងាយ គាត់បានលូកដៃចូលទៅក្នុងដីយ៉ាងលឿន ដើម្បីប្រមូលសំណាកដែលអាចកំណត់អនាគតនៃការធ្វើកសិកម្មរបស់គ្រួសារគាត់។
បន្ទាប់ពីជីកយកដីដាក់ក្នុងថង់រួចហើយ លោក Farah អាយុ ៣០ឆ្នាំ បានបញ្ជូនសំណាកចំនួន ៦ថង់ ទៅមន្ទីរពិសោធន៍ នៅសាកលវិទ្យាល័យអាមេរិក នៅទីក្រុងបេរូត (AUB) ដើម្បីធ្វើតេស្តរកសំណល់ផូស្វ័រពណ៌សពីការបាញ់ផ្លោងរបស់អ៊ីស្រាអែល ដោយសង្ឃឹមថា គាត់នឹងដឹងថា តើគាត់អាចដាំដំណាំនៅក្នុងវាលស្រែរបស់គាត់បានដែរឬទេ នៅពេលដែលអរិភាព ត្រូវបានបញ្ចប់។
គាត់បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីខែមិថុនាថា៖«ខ្ញុំចង់ដឹងថា អ្វីដែលខ្ញុំកំពុងចិញ្ចឹមកូនប្រុសរបស់ខ្ញុំអ្វីដែលខ្ញុំកំពុងចិញ្ចឹមប្រពន្ធរបស់ខ្ញុំ អ្វីដែលខ្ញុំកំពុងហូប»។ «យើងខ្លាចអនាគតស្រុកយើង តើយើងអាចហូបអ្វីបាន? តើយើងអាចផឹកអ្វីបាន?»។
លោក Farah បានប្រាប់សារព័ត៌មានរ៉យទ័រថា គាត់បារម្ភថា វាលស្រែរបស់គាត់ ត្រូវបានបំពុលដោយសារការប្រើប្រាស់ផូស្វ័រពណ៌សរបស់យោធាអ៊ីស្រាអែល ចាប់តាំងពីខែតុលា នៅពេលដែលការផ្ទុះអាវុធរវាង អ៊ីស្រាអែល និងក្រុមប្រដាប់អាវុធលីបង់ហេសបូឡា ស្របគ្នានឹងសង្រ្គាមហ្កាហ្សា។ គាត់បាននិយាយថា មានកសិកររាប់សិបនាក់ នៅភាគខាងត្បូងប្រទេសលីបង់ មានការព្រួយបារម្ភដូចគាត់ដែរ។