ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសធ្វើប័ណ្ណបើកបរថ្មី ខ្នាតអន្តរជាតិ ដោយប័ណ្ណអាចធ្វើបើកបរបានចំនួន ៩៩ ប្រទេស និងមានសុពលភាពរយៈពេលមួយឆ្នាំ ដើម្បីបង្កលក្ខណៈកាន់តែងាយស្រួល ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទៅកាន់បរទេស។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឲ្យដឹង នៅក្នុងពិធីបើកឲ្យដំណើរការជាផ្លូវការ ប្រព័ន្ធស្វ័តប្រវត្តិកម្មផ្ទេរកម្មសិទ្ធយានជំនិះ និងមជ្ឍមណ្ឌលសេវាសាធារណៈថ្មី នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០ នេះថា ក្រៅពីសមិទ្ធផលសម្រេចបានផ្លែផ្កាជាច្រើន នៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ក្នុងនោះ ដើម្បីឆ្លើយតបនិងតម្រូវការបន្ថែម និងស្របពេលដែលប្រទេសកម្ពុជា, បានចូលជាសមជិកអង្គការរអន្តជាតិនោះ ក្រសួងសូមប្រកាសជាផ្លូវការ អំពីការធ្វើប័ណ្ណបើកបរថ្មីខ្នាតអន្តរជាតិ ជូនប្រជាពលរដ្ឋទូទៅ ដែលប័ណ្ណបើកបរនេះ អាចធ្វើការបើកបរបានចំនួន ៩៩ប្រទេស មានសុពលភាពរយៈពេលមួយឆ្នាំ ក្នុងនោះបងប្អូនមកធ្វើប័ណ្ណនេះបាន នៅអគ្គនាយដ្ឋាន ឬនៅតាមមន្ទីររាជធានីខេត្ត និងនៅមជ្ឍមណ្ឌលសេវាសាធារណៈថ្មី ស្ថិតនៅផ្សារទំនើបជីបម៉ុង ណូរ៉ូម៉ល នេះបាន ដែលបញ្ហាទាំងនេះ ជាការបង្ករលក្ខណៈកាន់តែងាយស្រួល សម្រាប់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរកាន់បរទេស។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា សម្រាប់ការធ្វើប័ណ្ណបើកបរថ្មីនេះ គឺជាប័ណ្ណស្តង់ដារអន្តរជាតិរបស់ពិភពលោក ចំណែកបងប្អូនដែលកំពុងប្រើប្រាស់ប័ណ្ណបើកបរសព្វថ្ងៃនេះ ប្រសិនមានបំណងចង់ប្តូរប័ណ្ណបើកបរខ្នាតអន្តរជាតិ អាចយកប័ណ្ណនោះមកដូរបាន នៅគ្រប់កន្លែងដែលផ្តល់សេវាកម្ម ដោយគិតតម្លៃសេវាចំនួនប្រមាណ ២៥ ម៉ឺនរៀល ដែលតម្លៃនេះគឺជាតម្លៃសមរម្យ ពោល គឺយកត្រឹមមធ្យម សម្រាប់ប្រទេសនៅក្នុងអាស៊ានប៉ុណ្ណោះ៕
ក្រៅពីការផ្តលប័ណ្ណខាងលើ, ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់បន្ថែមថា៖ ការបើកឲ្យដំណើរការជាផ្លូវការ ប្រព័ន្ធស្វ័តប្រវត្តិកម្មផ្ទេរកម្មសិទ្ធយានជំនិះ និងមជ្ឍមណ្ឌលសេវាសាធារណៈថ្មី នៅផ្សារទំនើបជីបម៉ុង នេះ គឺជាផ្តល់សេវាឲ្យកាន់តែខិតជិតប្រជាពលរដ្ឋ ដើម្បីបង្ករលក្ខណៈងាយស្រួល និងងាយស្វែងរកក្នុងផ្ទេរកម្មសិទ្ធយានយន្តគ្រប់ប្រភេទ និងការពន្យាប័ណ្ណបើកបរ ការស្នើសុំឈៀកឡានជាដើម និងអនុវត្តន៍តបតាមអនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺយើងជាអ្នកបម្រើរាស្ត្រ ត្រូវតែផ្តល់សេវាសាធារណៈ សេវាចាំបាច់ជូនប្រជាពលរដ្ឋ ធ្វើឲ្យមានតម្លាភាព ធ្វើឲ្យមានប្រសិទ្ធភាព ធ្វើឲ្យបានឆាប់រហ័ស៕ អត្ថបទ៖ សុន រ៉ាឌី
