ភ្នំពេញ៖ អគ្គីភ័យឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋ នៅចំណុចក្បែរផ្លូវរថភ្លើងមុខវត្តទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាវេលាព្រលប់ៗ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។
បើតាមការបញ្ជាក់ពីសមត្ថកិច្ច ប្រាប់អោយដឹងថា នៅក្នុងហេតុការណីអគ្គីភ័យនេះ មានរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានចេញជួយអន្តរាគមន៍ ប៉ុន្តែ សមត្ថកិច្ចជំនាញរថយន្តពន្លត់អគ្គីភ័យ ក៏មានការលំបាកផងដែរ ដោយសារទីតាំងដែលត្រូវភ្លើងឆាបឆេះនោះ មានស្ថានភាពតូចចង្អៀត តម្រូវអោយសមត្ថកិច្ចជំនាញត្រូវតទុយោទឹកឆ្ងាយគ្រាន់បើដែរ ក្នុងការជួយបាញ់ទឹកពន្លត់។ ប៉ុន្តែ ទោះបីជួបការលំបាកប៉ុណ្ណា សមត្ថកិច្ចពន្លត់អគ្គិភ័យ នៅតែប្រឹងប្រែង ជួយអន្តរាគមន៍អោយខានតែបាន។
តាមការបញ្ជាក់ពីសមត្ថកិច្ចប្រាប់បន្តទៀតថា ប្រតិបត្តិការនេះ ប្រហែលជាកន្លះម៉ោង គ្រោះអគ្គីភ័យនេះ បានរលត់ទៅវិញទាំងស្រុង ដោយឡែកមូលហេតុ និងការខូចខាតមានផ្ទះប៉ុន្មានខ្នងនោះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ៕ អត្ថបទ៖ តារាវុទ្ធី


