
ក្រុមការងារការពារស៊ីវិល និយាយថា សាកសពជនប៉ាឡេស្ទីនយ៉ាងហោច ៧នាក់ ត្រូវបានរកឃើញ ស្របពេលប្រតិបត្តិការសឹករបស់អ៊ីស្រាអែលនៅតែបន្តក្នុងទីក្រុង Rafah តំបន់ហ្កាហ្សាស្រ្ទីប ។
លោក Nizar al Bardini គឺជាមន្រ្តីការពារស៊ីវិល និយាយថា ពួកយើងបានរកឃើញសាកសពមនុស្ស ៧នាក់ និងអ្នករងរបួសជាច្រើននាក់ទៀត ហើយនិងបានដឹកពួកគេចេញពីជំរំ Tal Al Sultan ទៅកាន់កន្លែងផ្សេង ។ ប្រតិបត្តិការសង្រ្គោះនៅតែបន្ត ដើម្បីស្វែងរកមនុស្សបាត់ខ្លួន ។
ក្រុមអ្នកស្រុក និយាយថា កងកម្លាំងអ៊ីស្រាអែល បានបើកការវាយប្រហារថ្មីនៅទីក្រុងភាគខាងត្បូង Rafah ហើយការផ្ទុះអាវុធដ៏ខ្លាំងក្លា បានកើតមានជាមួយក្រុមជីវពលប៉ាឡេស្ទីនកាលពីយប់កន្លងទៅ ។
ក្រុមមន្រ្តីសុខភាពប៉ាឡេស្ទីន និយាយថា មនុស្សយ៉ាងហោច ១២នាក់ ត្រូវបានសម្លាប់ អំឡុងការវាយប្រហារថ្មីរបស់អ៊ីស្រាអែល នៅតំបន់ភាគកណ្តាល និងតំបន់ភាគខាងជើងហ្កាហ្សា ៕