
Tasnim ដែលជាទីភ្នាក់ងារសារព័ត៌មានពាក់កណ្ដាលផ្លូវការ បានរាយការណ៍ថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei នៅថ្ងៃពុធ (ទី៣ ខែកក្កដា) នេះ បាននិយាយថា ចំនួនអ្នកចេញទៅបោះឆ្នោត នៅក្នុងជុំទី១ នៃការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេស គឺមានកម្រិត «ទាបជាងការរំពឹងទុក»។
ក្រសួងមហាផ្ទៃអ៊ីរ៉ង់ បានប្រាប់ឲ្យដឹងថា ចំនួនអ្នកចូលរួមមានប្រហែល ៤០ភាគរយ ដែលជាកម្រិតទាបបំផុតក្នុងកំណត់ត្រា គិតចាប់តាំងពីបដិវត្តន៍ឆ្នាំ១៩៧៩។
លោក Khamenei បាននិយាយថា៖ «យើងសង្ឃឹមថា ការបោះឆ្នោតជុំទី២ របស់ប្រជាជន នឹងមានសារៈសំខាន់ និងជាប្រភពនៃមោទកភាព សម្រាប់សាធារណរដ្ឋឥស្លាម»។ លោកបានអំពាវនាវឲ្យប្រជាជនអ៊ីរ៉ង់ទៅបោះឆ្នោត នៅថ្ងៃសុក្រខាងមុខនេះ។
ការបោះឆ្នោតនៅថ្ងៃសុក្រ នឹងក្លាយជាការប្រកួតប្រជែងដ៏តានតឹង រវាងអតីតសមាជិកឆ្មាំបដិវត្តន៍ លោក Saeed Jalili និងសមាជិកសភា លោក Massoud Pezeshkian ដែលជាមជ្ឈន្តិកជនតែមួយគត់នៅក្នុងទីលានដំបូងនៃបេក្ខជន ៤រូប។
គួរបញ្ជាក់ថា ការបោះឆ្នោតនេះ គឺដើម្បីជ្រើសរើសអ្នកស្នងតំណែងប្រធានាធិបតី លោក Ebrahim Raisi ដែលបានបាត់បង់ជីវិតនៅហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីខែឧសភា។
ជាមួយគ្នានេះ លោក Khamenei បានបន្ថែមថា ចំនួនអ្នកទៅបោះឆ្នោតទាបជាងការរំពឹងទុកនេះ គឺដោយសារ «កត្តាជាច្រើន» ហើយថា ការអះអាងដែលថា អ្នកមិនទៅបោះឆ្នោតប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមនោះ គឺជាការយល់ «ច្រឡំធំណាស់»៕