
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃពុធ (ទី៣ ខែកក្កដា) នេះ បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅចំពោះមុខការទទួលបានការគាំទ្រផ្នែកនយោបាយរបស់ក្រុមស្តាំនិយមជ្រុល នៅអឺរ៉ុប ដោយលើកឡើងពីប្រវត្តិរឿងរ៉ាវ ដែលបន្ទាបតម្លៃជាមនុស្សរបស់ជនអន្តោប្រវេសន៍ និងអ្នកស្វែងរកសិទ្ធិជ្រកកោន។
នៅឯសន្និសីទសារព័ត៌មាន នាទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក Volker Turk បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីព្រោះប្រវត្តិសាស្ត្រ ជាពិសេសនៅអឺរ៉ុប បានបង្រៀនយើងថា ការប្រមាថដល់អ្នកដទៃ ឬការបង្ខូចកេរ្តិ៍ឈ្មោះរបស់អ្នកដទៃ គឺជាប្រផ្នូលប្រាប់ពីអ្វីដែលនឹងកើតឡើង។ វាជាការប្រកាសអាសន្នដែលយើងត្រូវបន្លឺឡើងឲ្យគ្រប់គ្នាដឹង»។
គួរបញ្ជាក់ថា បណ្ដាគណបក្សស្តាំនិយមជ្រុល បានទទួលការគាំទ្រ នៅក្នុងការបោះឆ្នោតសភាអឺរ៉ុប កាលពីខែមុន ហើយប្រទេសបារាំងកំពុងរៀបចំការបោះឆ្នោតជុំទី២ នៅចុងសប្តាហ៍នេះ ដោយក្រុមប្រឆាំងនឹងពួកស្តាំនិយមជ្រុល គឺគណបក្សរួបរួមជាតិ (NR) ដែលជាក្រុមប្រឆាំងជនអន្តោប្រវេសន៍ កំពុងប្រឹងប្រែងរារាំងក្រុមនេះកុំឲ្យទទួលបានអំណាច៕