ប្រភពអ៊ីស្រាអែលដែលបានដឹងពីការចរចាបាននិយាយថា អ៊ីស្រាអែល និងក្រុមហាម៉ាសទំនងជាជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់និងការដោះលែងចំណាប់ថ្នូរ។
ប្រភពបាននិយាយថា មន្ត្រីអ៊ីស្រាអែលជឿថា ការឆ្លើយតបចុងក្រោយរបស់ក្រុមហាម៉ាសនឹងអាចឱ្យភាគីទាំងពីរអាចចូលទៅក្នុងការចរចាលម្អិតដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ។

ទោះជាយ៉ាងនេះក៏ដោយ កិច្ចព្រមព្រៀងនៅតែមិនទាន់បានសម្រេចជាចុងក្រោយ ហើយក៏មិនទាន់មានការធានាដែរ។ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ត្រូវតែបើកភ្លើងខៀវជាមុន ចូលទៅក្នុងដំណាក់កាលបន្ទាប់នៃការចរចា។ ហើយទំនងជានឹងចំណាយពេលជាច្រើនសប្តាហ៍នៃការចរចារដ៏លំបាកដើម្បីចរចាលម្អិតនៃកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់ រួមទាំងការកំណត់អត្តសញ្ញាណអ្នកទោសប៉ាឡេស្ទីន ដែលត្រូវដោះលែងជាថ្នូរនឹងចំណាប់ខ្មាំងអ៊ីស្រាអែលដែលក្រុមហាម៉ាសចាប់ឃុំខ្លួន និងការចាត់ថ្នាក់នៃការដោះលែង។

ក្រុមអ្នកចរចាអ៊ីស្រាអែលគ្រោងជួបជាមួយថ្នាក់ដឹកនាំនយោបាយរបស់អ៊ីស្រាអែល រួមទាំងលោក Netanyahu ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីសម្រេចថាតើត្រូវចូលក្នុងដំណាក់កាលនៃការចរចាលម្អិតនេះឬអត់។
ក្រុមហាម៉ាស បានបញ្ជាក់ថា ខ្លួនបានអនុម័តការឆ្លើយតបលើសំណើរបស់អ៊ីស្រាអែល ទៅកាន់ក្រុមអ្នកសម្របសម្រួលកាតា និងអេហ្ស៊ីប ដោយទាមទារជាថ្មីទៀតនូវបទឈប់បាញ់ពេញលេញ៕