ប្រជាជនប៉ាឡេស្ទីនជាច្រើននាក់ កំពុងស្វះស្វែងរកទីជម្រកនៅថ្ងៃពុធ (០៣ កក្កដា) បន្ទាប់ពីបានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេនៅភាគខាងត្បូងតំបន់ហ្កាហ្សា ហើយបានត្អូញត្អែរពីកង្វះខាតទឹក ខណៈអ៊ីស្រាអែល បានបន្តការវាយលុកដោយយោធារបស់ខ្លួននៅក្នុងតំបន់ហ៊ុមព័ទ្ធដែលមានប្រជាជនរស់នៅកុះករមួយនេះ។

អ្នកស្រុកនិយាយថា កងកម្លាំងអ៊ីស្រាអែល បានវាយប្រហារថ្មីលើនៅក្នុងទីក្រុងរ៉ាហ្វា (Rafah) ភាគខាងត្បូង ស្របពេលការប្រយុទ្ធគ្នាយ៉ាងខ្លាំងជាមួយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនពេញមួយយប់។ មន្ត្រីសុខាភិបាលនិយាយថា យ៉ាងហោចណាស់មនុស្ស ១២ នាក់បានស្លាប់នៅក្នុងការវាយប្រហារថ្មីនៅភាគកណ្តាល និងភាគខាងជើងតំបន់ហ្កាហ្សា។

ថ្នាក់ដឹកនាំអ៊ីស្រាអែលបាននិយាយថា ពួកគេកំពុងបន្ថយដំណាក់កាលនៃការប្រយុទ្ធយ៉ាងខ្លាំងក្លាប្រឆាំងនឹងក្រុមហាម៉ាស ហើយនឹងផ្លាស់ប្តូរទៅប្រតិបត្តិការកំណត់គោលដៅបន្ថែមទៀតនៅក្នុងសង្គ្រាមជិតប្រាំបួនខែនៅតំបន់ហ្កាហ្សា។
ប៉ុន្តែការប្រយុទ្ធបានបន្តពេញមួយយប់នៅក្នុងពីរទីតាំងនៅកណ្តាលទីក្រុងរ៉ាហ្វា ជាទីដែលរថក្រោះវាយដណ្តើមយកតំបន់ជាច្រើន និងបានវាយរុលទៅជ្រៅទៅភាគខាងលិច និងភាគខាងជើងនៃទីក្រុងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយការព្រួយបារម្ភអំពីស្ថានភាពនៃជនភៀសខ្លួនរាប់រយពាន់នាក់កំពុងកើនឡើង៕