ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញប្រគល់សញ្ញាបត្រជូនដល់គរុសិស្ស និស្សិត និងសម្ពោធដាក់ឲ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋានគ្រូ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា អ្វីគ្រប់យ៉ាងរបស់រាជរដ្ឋាភិបាលដែលបានធ្វើ និងកសាងទាំងសាលារៀន និងហេដ្ឋារចនាសម្ព័ន្ធកន្លងមកនេះ គឺដើម្បីបង្កើតឱកាសប៉ុណ្ណោះ សម្រេចគោលដៅទៅថ្ងៃខាងមុខ គឺអាស្រ័យលើតួអង្គខ្លួនឯង។
-សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឲ្យលោកគ្រូ អ្នកគ្រូទាំងអស់ត្រូវ មានការត្រៀមឯកសារ និងការស្រាវជ្រាវបន្ថែមទៀត សម្រាប់សិស្ស និស្សិតរបស់ខ្លួន ខណៈសម័យគេដល់អេអាយហើយ យើងទើបតែចាប់ផ្តើមកុំព្យូទ័រនោះ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំងណាស់ លើការពង្រឹងសមត្ថភាពលោកគ្រូ អ្នកគ្រូ ពីព្រោះលោកគ្រូ អ្នកគ្រូដែលខ្លាំង និងបណ្ដុះបណ្ដាលបានសិស្សដែលខ្លាំង និងមានគុណភាពខ្ពស់ដូចគ្នាដែរ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា ឆ្អឹងខ្នងរបស់វិស័យអប់រំ គឺជាគ្រូ ដូច្នេះ គ្រូត្រូវតែខ្លាំង និងត្រូវតែពង្រឹងបន្ថែមទៀត ដោយត្រូវតែមានចំណេះចំនាញគ្រប់គ្រាន់ ដែលជាមូលដ្ឋានគ្រឹះក្នុងការធ្វើកំណែទម្រង់សម្រាប់វិស័យអប់រំនោះ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីម្តងទៀតថា ធនធានមនុស្សគឺជាកត្តាសំខាន់ បំផុតដែលនឹងត្រូវបន្តវិនិយោគ ខណៈថវិកាជាតិដែលរាជរដ្ឋាភិបាលបានចំណាយ គឺលើវិស័យអប់រំនេះ គឺច្រើនជាងក្រសួង ស្ថាប័នណាៗទាំងអស់។
-សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងពាក់ព័ន្ធ គិតគូរ និងជួយឧបត្ថម្ភដល់ស្រ្ដីមានផ្ទៃពោះដែលជាពិរុទ្ធជននៅតាមពន្ធនាគារ។




















