ក្រុមអ្នកទេសចរដែលមានការព្រួយបារម្ភ បានសម្រុកទៅកាន់អាកាសយានដ្ឋានទីក្រុង ឃែនឃុន (Cancun) ប្រទេសម៉ិកស៊ិក កាលពីថ្ងៃពុធ (០៣ មិថុនា) ដោយសង្ឃឹមថានឹងចាកចេញពីទីក្រុងរមណីយដ្ឋានមួយនេះ មុនការមកដល់នៃព្យុះសង្ឃរា ប៊ឺរៀល (Beryl)។ ខ្យល់ព្យុះ ប៊ឺរៀល ដែលជាព្យុះទីមួយនៃរដូវកាលនេះ កំពុងធ្វើដំណើរដោយល្បឿនខ្យល់អតិបរមា ២២៥ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយត្រូវបានគេរំពឹងថានឹងវាយលុកឧបទ្វីប យូកាតាន (Yucatan) របស់ម៉ិកស៊ិក នៅយប់ថ្ងៃព្រហស្បតិ៍ (០៤ កក្កដា) នេះ។

ខណៈដែលអ្នកទេសចរមួយចំនួនស្វះស្វែងរកជើងហោះហើរដើម្បីត្រឡប់ទៅផ្ទះវិញ អ្នកនេសាទក្នុងស្រុកក៏កំពុងទាញទូករបស់ពួកគេចេញពីទឹកឡើងលើច្រាំងដើម្បីសុវត្ថិភាព ដោយបារម្ភថាព្យុះ ប៊ឺរៀល អាចប៉ះពាល់ដល់ការងាររបស់ពួកគេ។
លេខាធិការទេសចរណ៍ទីក្រុង ឃែនឃុន លោក ហ័ន ផាប្លូ ហ្ស៊ូលូអេតា (Juan Pablo Zulueta) បាននិយាយថា ភ្ញៀវទេសចរមួយចំនួនបានជ្រើសរើសស្នាក់នៅ ដោយសារតែមាន «កម្រិតព្រមានទាបពណ៌បៃតង»។ លោកបានស្នើឱ្យភ្ញៀវធ្វើតាមការណែនាំពីអាជ្ញាធរក្នុងករណីដែលពួកគេត្រូវបានបញ្ជាឱ្យទៅកាន់ទីជម្រកដែលបានកំណត់។

ក្រសួងការពារជាតិម៉ិកស៊ិក បាននិយាយថា កងទ័ព កងទ័ពអាកាស និងឆ្មាំជាតិបានដំណើរការឆ្លើយតបគ្រាអាសន្ននៅក្នុងរដ្ឋ គីនតាណា រ៉ូ (Quintana Roo), ខាំប៉េឆេ (Campeche) និង យូកាតាន (Yucatan) ដោយមានជម្រកចំនួន ១២០ ទីតាំងត្រូវបានបង្កើត ហើយកងទ័ពជិត ៤.៩០០ នាក់កំពុងល្បាតយាមកាមនៅលើឧបទ្វីបមួយនេះ៕