មនុស្សយ៉ាងហោចណាស់ ១២១ នាក់បានស្លាប់ក្នុងអំឡុងពេលការប្រជ្រៀតជាន់គ្នារបស់មនុស្ស ខណៈព្រឹត្តិការណ៍សាសនាមួយបានបញ្ចប់កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយជំរុញឱ្យមន្ត្រីក្នុងតំបន់បញ្ជាឱ្យមានការស៊ើបអង្កេតលើព្រឹត្តិការណ៍ដ៏សាហាវនេះ ខណៈគ្រួសារមួយចំនួននៅបន្តស្វែងរកសាច់ញ្ញាតិរបស់ខ្លួននៅឡើយ។

អ្នករៀបចំព្រឹត្តិការណ៍បានរំពឹងថាមានហ្វូងមនុស្សចំនួន៨០.០០០នាក់ នៅឯការជួបជុំសាសនានៅក្នុងរដ្ឋ ឧតារៈប្រទេស(Uttar Pradesh) ភាគកណ្តាលនៃប្រទេសឥណ្ឌាដោយមានអ្នកទូន្មានខាងសាសនាហិណ្ឌូម្នាក់ឈ្មោះ ស៊ូរ៉ាចផាល់( Suraj Pal) បានបាត់ខ្លួនតាំងពីពេលនោះមក។

មនុស្សប្រមាណ ២៥០.០០០នាក់ បានចូលរួម និងប្រមូលផ្តុំគ្នានៅក្រោមតង់ដើម្បីគេចពីកម្ដៅព្រះអាទិត្យដ៏ក្តៅ។ការប្រជ្រៀតជាន់គ្នាដ៏សាហាវបានកើតឡើងនៅពេលព្រឹត្តិការណ៍បានបញ្ចប់ ហើយជនរងគ្រោះភាគច្រើនជាស្ត្រី។
មន្ត្រីរដ្ឋ ឧតារៈប្រទេស (Uttar Pradesh) បានបញ្ជាឱ្យមានការស៊ើបអង្កេតលើមូលហេតុនៃការប្រជ្រៀតជាន់គ្នា ស្របពេលរដ្ឋបានដាក់ពាក្យបណ្តឹងដើម្បីរៀបចំសំណុំរឿងប្រឆាំងនឹងក្រុមអ្នករៀបចំព្រឹត្តិការណ៍នេះ។
ពាក្យបណ្តឹងរបស់នគរបាលបាននិយាយថា នៅពេលដែលអ្នកទូរន្មានខាងសាសនានោះ ចូលក្នុងរថយន្តរបស់ខ្លួន មនុស្សជាច្រើនបានប្រញាប់ប្រញាល់ទៅប្រមូលធូលីដីដែលហុយចេញពីផ្លូវរថយន្ត។
ពាក្យបណ្តឹងរបស់នគរបាលបានចោទប្រកាន់ក្រុមអ្នករៀបចំព្រឹត្តិការណ៍ពីបទបោះសំលៀកបំពាក់និងស្បែកជើងរបស់ជនរងគ្រោះទៅក្នុងវាលស្រែ ក្បែរនោះដើម្បីបំផ្លាញភស្តុតាងនៃការប្រជ្រៀតជាន់គ្នានោះ ៕