ប្រភពពីក្រុមប្រឆាំងស៊ីរី និងអ្នកស្រុក បាននិយាយថា ទួរគី បានបិទច្រកព្រំដែនសំខាន់របស់ខ្លួនចូលទៅក្នុងភាគពាយ័ព្យប្រទេសស៊ីរី កាលពីថ្ងៃអង្គារ បន្ទាប់ពីទាហានទួរគី បានរងការបាញ់ប្រហារពីប្រជាជនស៊ីរី ដែលខឹងសម្បាដោយអំពើហិង្សាលើជនរួមជាតិរបស់ពួកគេនៅក្នុងប្រទេសទួរគី។

រដ្ឋមន្ត្រីមហាផ្ទៃលោក Ali Yerlikaya បាននិយាយថា នៅក្នុងប្រទេសទួរគីថា នគរបាល បានឃាត់ខ្លួនមនុស្សចំនួន ៤៧៤នាក់ ដែលជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកំណត់គោលទៅលើសហគមន៍ស៊ីរី នៅ ទូទាំងប្រទេសពេញមួយយប់ នៅក្នុងការធ្វើឲ្យភាពចលាចលរាលដាល ដែលបានចាប់ផ្តើម កាលពីយប់ថ្ងៃអាទិត្យ។

ទ្រព្យសម្បត្តិ និងយានជំនិះរបស់ជនជាតិស៊ីរី ត្រូវបានបំផ្លិចបំផ្លាញ និងដុតបំផ្លាញ នៅកណ្តាលទីក្រុង Kayseri បង្កការភ្ញាក់ផ្អើលដោយរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយសង្គមថា បុរសជនជាតិស៊ីរីម្នាក់ បានបំពានផ្លូវភេទលើក្មេងស្រីម្នាក់ដែលជាសាច់ញាតិរបស់ខ្លួន។ លោក Yerlikaya បាននិយាយថា ឧប្បត្តិហេតុនេះ កំពុងត្រូវបានស៊ើបអង្កេត។
ទីភ្នាក់ងារស៊ើបការណ៍ចារកម្ម MIT របស់ប្រទេសទួរគី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អំពើហិង្សាបានរីករាលដាលដល់ខេត្ត Hatay, Gaziantep, Konya, Bursa និងស្រុកអ៊ីស្តង់ ប៊ុល (Istanbul)។ មានសេចក្តីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីមានអ្នករបួសខ្លះ ក្នុងចំណោមប្រជាជនស៊ីរី។
ក្រោយមក ប្រជាជនស៊ីរីរាប់រយនាក់ដែលខឹងសម្បា បានដើរតាមដងផ្លូវក្នុងទីប្រជុំជនជាច្រើន នៅភាគពាយព្យស៊ីរីដែលគ្រប់គ្រងដោយក្រុមឧទ្ទាម ជាតំបន់ដែលទួរគីរក្សាកងទ័ពរាប់ពាន់នាក់ និងបានប្រើប្រាស់ ឥទ្ធិពលដ៏លើសលប់របស់ពួកគេ ដែលបានរារាំងប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ Bashar al-Assad ពីការគ្រប់គ្រងតំបន់នេះឡើងវិញ។