នាយករដ្ឋមន្ត្រីប្រទេសហៃទី លោក ហ្គារី ខន់នីល(Garry Conille) បាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធថា ការមកដល់នៃមន្ត្រីនគរបាលកេនយ៉ាដំបូងគេក្រោមបេសកកម្មគាំទ្រដោយអង្គការសហប្រជាជាតិ បានបង្ហាញពីដំណាក់កាលដ៏សំខាន់មួយដើម្បីស្តារសន្តិសុខនៅក្នុងប្រទេស ដែលរងការបំផ្លិចបំផ្លាញដោយអំពើហិង្សារបស់ក្រុមជនអន្ធពាល។

លោក Conille បាននិយាយទៅកាន់អ្នកការទូតនៅទីក្រុងញូវយ៉កថា ការមកដល់របស់ក្រុមដំបូង នៃការគាំទ្រសន្តិសុខពហុជាតិសាសន៍ បានចាប់ផ្តើមយុគសម័យថ្មី នៅក្នុងប្រទេសហៃទី។

នគរបាលប្រទេសកេនយ៉ាប្រមាណ ២០០នាក់ បានមកដល់ប្រទេសហៃទី កាលពីសប្តាហ៍មុន ជាផ្នែកនៃបេសកកម្មត្រូវបានពន្យារពេលជាយូរមកហើយ ដែលតម្រូវឱ្យជួយនគរបាលជាតិ ប្រយុទ្ធប្រឆាំងក្រុមជនអន្ធពាលប្រដាប់អាវុធ ចូលមកកាន់កាប់ភាគច្រើននៅរដ្ឋធានីព័រអូប្រាំង របស់ប្រទេសហៃទី ជាការបញ្ឆេះវិបត្តិមនុស្សធម៌ និងបានជំរុញឱ្យប្រជាជនជិត ៦០០.០០០នាក់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ និង៥លាននាក់ធ្លាក់ចូលទៅក្នុងអសន្តិសុខស្បៀងធ្ងន់ធ្ងរ។

កម្លាំងពេញលេញត្រូវបានកំណត់ថានឹងមានចំនួនលើសពី ២.៥០០នាក់ ប៉ុន្តែវានៅតែពុំទាន់ច្បាស់នៅឡើយថាតើនៅពេលណាដែលកងកម្លាំងទាំងនេះអាចមកដល់ ខណៈការផ្តល់មូលនិធិយឺតយ៉ាវជាងតម្រូវការ។
រដ្ឋមន្ត្រីការបរទេសរបស់សាធារណរដ្ឋដូមីនីក លោក Roberto Alvarez នៅក្នុងកិច្ចប្រជុំ បានធ្វើការអំពាវនាវបន្ទាន់ដល់ប្រទេសទាំងអស់ ដែលបានប្តេជ្ញាផ្តល់មូលនិធិ ដើម្បីបំពេញការសន្យារបស់ពួកគេ និងដាក់ប្រាក់ទាំងនោះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយនិយាយសំដៅទៅលើការគាំទ្រផ្នែកសន្តិសុខពហុជាតិសាសន៍។ បើគ្មានមូលនិធិបន្ថែមច្រើននោះទេ បេសកកម្មនឹងមិនអាចបញ្ចប់ការដាក់ពង្រាយកងកម្លាំងរយៈពេល១២ ខែ ដែលអាណត្តិដំបូងនឹងបញ្ចប់នៅខែតុលា។
ការិយាល័យរួបរួមរបស់អង្គការសហប្រជាជាតិ នៅប្រទេសហៃទី(BINUH) បានព្រមានថា ការប៉ះទង្គិចគ្នាកាន់តែច្រើនរវាងនគរបាល និងក្រុមជនអន្ធពាល នឹងបណ្តាលឲ្យជនស៊ីវិលកាន់តែច្រើន រួមទាំងកុមារតូចៗ ត្រូវស្លាប់ដោយគ្រាប់កាំភ្លើងគ្មានគោលដៅ។