យោងតាមប្រភពជាន់ខ្ពស់ចំនួនប្រាំពីរនៅយុទ្ធនាការបោះឆ្នោតរបស់លោក ចូ បៃដិន (Joe Biden) សេតវិមាន និងគណៈកម្មាធិការជាតិបក្សប្រជាធិបតេយ្យដែលដឹងពីការពិភាក្សាបច្ចុប្បន្នលើប្រធានបទនេះបានឱ្យដឹងថា អនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) គឺជាជម្រើសទីមួយដើម្បីជំនួសប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ប្រសិនបើលោកសម្រេចចិត្តមិនបន្តយុទ្ធនាការបោះឆ្នោតឡើងវិញ។

ការធ្វើមិនបានល្អក្នុងការជជែកដេញដោលលើកទីមួយដ៏ច្របូកច្របល់ ហើយជួនកាលមិនស៊ីសង្វាក់គ្នា របស់លោក Biden ប្រឆាំងនឹងគូប្រជែងរបស់ខ្លួនគឺលោក ដូណាល់ ត្រាំ (Donald Trump) កាលពីសប្តាហ៍មុន បានធ្វើឱ្យមានរលកនៃការភ័យស្លន់ស្លោនៅក្នុងបក្សប្រជាធិបតេយ្យ ជុំវិញការព្រួយបារម្ភថាលោកប្រហែលជាមិនស័ក្ដិសមគ្រប់គ្រាន់ក្នុងការបម្រើអាណត្តិទីពីរ ហើយបានជំរុញឱ្យមន្រ្តីជំនិត អំពាវនាវឱ្យលោកលាលែងពីតំណែងបេក្ខជននេះ។

សមាជិកបក្សប្រជាធិបតេយ្យ ដែលមានឥទ្ធិពលមួយចំនួន បានបង្ហើបជម្រើសជំនួសលោក Biden ក្រៅពីលោកស្រី Harris រួមទាំងសមាជិកគណៈរដ្ឋមន្ត្រីដ៏ពេញនិយម និងអភិបាលរដ្ឋប្រជាធិបតេយ្យជាច្រើនរូបទៀត ប៉ុន្តែប្រភពបាននិយាយថា ពួកគេគិតថាលោកស្រី Harris គឺជម្រើសស័ក្ដិសមជាងគេ។
ប្រភពបានបន្តថា ប្រសិនបើត្រូវបានតែងតាំងជាបេក្ខភាពប្រធានាធិបតី លោកស្រី Harris វ័យ ៥៩ ឆ្នាំរូបនេះនឹងកាន់កាប់ប្រាក់ដែលរៃអង្គាសដោយយុទ្ធនាការលោក Biden និងទទួលគ្រប់គ្រងរចនាសម្ព័ន្ធយុទ្ធនាការបោះឆ្នោត។ ប្រភពបានបន្ថែមថា លោកស្រីមានឈ្មោះល្បីបំផុតក្នុងចំណោមជម្រើសទាំងអស់ និងមានការបោះឆ្នោតគាំទ្រខ្ពស់បំផុតក្នុងចំណោមសមាជិកបក្សប្រជាធិបតេយ្យដែលអាចចាត់ទុកលោកស្រីថាជាបេក្ខជនស័ក្ដិសម៕