អាជ្ញាធរអាកាសធាតុរបស់ប្រទេសចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍ (០៤ កក្កដា) នេះថា ខ្លួនរំពឹងថាសីតុណ្ហភាពនៅក្នុងតំបន់ភាគច្រើននៅទូទាំងប្រទេសចិន នឹងកើនឡើងខ្ពស់ខ្លាំងក្នុងរយៈពេលប៉ុន្មានខែបន្ទាប់ ដែលជាសញ្ញានៃរដូវក្តៅដែលមានអាកាសធាតុក្ដៅមិនធម្មតាមួយផ្សេងទៀត។

ប្រទេសចិន កំពុងស្ថិតនៅចំកណ្តាលនៃបញ្ហាអាកាសធាតុដ៏អាក្រក់ ខណៈភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់វាយលុកភាគខាងត្បូង ហើយសីតុណ្ហភាពបានបំបែកកំណត់ត្រានៅផ្នែកមួយចំនួននៃភាគខាងជើង និងភាគកណ្តាលប្រទេសចិន ដោយគំរាមកំហែងដល់ដំណាំ និងដាក់សម្ពាធលើបណ្តាញអគ្គិសនី។
យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ប្រទេសនេះបានជួបប្រទះអាកាសធាតុក្តៅខុសពីធម្មតាសម្រាប់រយៈពេលជាច្រើននៃឆ្នាំ ជាមួយនឹងសីតុណ្ហភាពជាមធ្យមចាប់ពីខែមីនា ដល់ខែឧសភា ស្ថិតក្នុងកម្រិតខ្ពស់បំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ១៩៦១ មក។

ការព្រមានពីអ្នកព្យាករអាកាសធាតុរបស់ប្រទេសចិន នៅឯសន្និសីទសារព័ត៌មានប្រចាំខែនៅទីក្រុងប៉េកាំង នឹងជូនដំណឹងដល់អាជ្ញាធរឱ្យត្រៀមខ្លួនសម្រាប់រដូវក្តៅទីពីរជាប់គ្នានៃកម្ដៅដ៏គួរឱ្យភ័យខ្លាច និងគ្រោះថ្នាក់។ កាលពីឆ្នាំមុន បណ្ដាទីក្រុងភាគខាងជើងរបស់ចិន បានទទួលរងនូវកម្ដៅខ្លាំងក្លារយៈពេលជាច្រើនថ្ងៃក្នុងខែមិថុនា និងកក្កដា៕