អ្នកបោះឆ្នោត កំពុងទៅបោះឆ្នោតនៅទូទាំងចក្រភពអង់គ្លេស នៅថ្ងៃព្រហស្បតិ៍ ក្នុងការបោះឆ្នោតសកល ដែលត្រូវបានគេរំពឹងថា នឹងផ្តល់រដ្ឋាភិបាលនៃគណបក្សការងារជាលើកដំបូង ក្នុងរយៈពេល ១៤ឆ្នាំ។

ការិយាល័យបោះឆ្នោតក្នុងមណ្ឌលបោះឆ្នោតចំនួន ៦៥០ទីតាំង នៅទូទាំងប្រទេសអង់គ្លេស វ៉ែលស៍ ស្កុតឡែន និងអៀរឡង់ខាងជើង បើកពីម៉ោង៧ ព្រឹកដល់ម៉ោង ១០យប់។ ការរាប់សន្លឹកឆ្នោត នឹងចាប់ផ្ដើម ភ្លាមៗ បន្ទាប់ពីការបោះឆ្នោត ចប់ ដោយលទ្ធផល នឹងត្រូវបានប្រកាស នៅព្រឹកថ្ងៃសុក្រ។

ការប្រកួតប្រជែងនេះ បានបិទបញ្ចប់យុទ្ធនាការឃោសនារយៈពេល ៦សប្តាហ៍ ដោយលោកនាយករដ្ឋមន្ត្រី រីស៊ី ស៊ុណាក់ (Rishi Sunak) និងមេដឹកនាំគណបក្សប្រឆាំង លោក Keir Starmer។ ការបោះឆ្នោតនេះ កើតឡើងបន្ទាប់សម័យកាលមួយ ដែលចក្រភពអង់គ្លេស មាននាយករដ្ឋមន្ត្រីអភិរក្សចំនួនបីរូប ក្នុងរយៈពេលជិត ៥ឆ្នាំ។
នេះគឺជាការបោះឆ្នោតលើកដំបូងដែលធ្វើឡើង ក្នុងខែកក្កដា ចាប់តាំងពីឆ្នាំ ១៩៤៥ បន្ទាប់ពីលោក ស៊ុណាក់ បានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅទូទាំងប្រទេស កាលពី ៦សប្តាហ៍មុន ហើយ បានជំរុញឲ្យមានការស្ទង់មតិមួយ នៅរដូវក្តៅ។
គណបក្សការងារ កំពុងស្វែងឲ្យមានការបោះឆ្នោតទៅលើកម្មវិធីនៃការផ្លាស់ប្តូរ ហើយបានសន្យាថា នឹងបង្កើតក្រុមហ៊ុនថាមពលដែលជាកម្មសិទ្ធិសាធារណៈថ្មីមួយ ធ្វើតូបនីយកម្មផ្លូវដែក កាត់បន្ថយការធ្វើ ទេសន្តប្រវេសន៍ ជ្រើសរើសគ្រូបង្រៀនចំនួន ៦.៥០០នាក់ និងបង្កើតកន្លែងបណ្តុះបណ្ដាលថ្មីជាង ១០០.០០០កន្លែង។