យោងតាមរបាយការណ៍ថ្មីរបស់អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) និងអាជ្ញាធរអន្តររដ្ឋាភិបាលលើការអភិវឌ្ឍន៍ (IGAD) បានឱ្យដឹងថា ប្រជាជនប្រហែល ៦៦,៧ លាននាក់នៅក្នុងតំបន់ញកអាហ្វ្រិកដ៏ធំល្វឹងល្វើយ (Greater Horn) នៃទ្វីបអាហ្រ្វិក កំពុងប្រឈមមុខនឹងអសន្តិសុខស្បៀងយ៉ាងខ្លាំង។

ទីភ្នាក់ងារស្បៀងអាហារ FAO និងអាជ្ញាធរអន្តររដ្ឋាភិបាល IGAD បាននិយាយនៅក្នុងរបាយការណ៍ខែមិថុនាថា ក្នុងចំណោមតួលេខសរុបនោះ មនុស្សចំនួន ៣៩,១ លាននាក់គឺមកពីប្រទេសចំនួនប្រាំមួយនៃរដ្ឋសមាជិក IGAD ចំនួនប្រាំបី ដែលមានដូចជា ជីប៊ូទី (Djibouti), កេនយ៉ា (Kenya), សូម៉ាលី (Somalia), ស៊ូដង់ខាងត្បូង (South Sudan), ស៊ូដង់ (Sudan) និងអ៊ូហ្កង់ដា (Uganda)។

ចំនួនប្រជាជនប្រឈមអសន្តិសុខស្បៀងនៅក្នុងខែមិថុនា ដែលសរុប ៦៦,៧ លាននាក់នោះ បានធ្លាក់ចុះស្ទើរតែ ១១ ភាគរយធៀបនឹងតួលេខ ៧៤,៩ លាននាក់កាលពីខែមុន នេះបើយោងតាមស្ថាប័នទាំងពីរ។ របាយការណ៍បាននិយាយថា «ជម្លោះ អតិផរណា ការផ្ទុះឡើងនៃជម្ងឺ និងការទទួលបានអាហារូបត្ថម្ភមិនល្អ និងអសន្តិសុខទឹក បន្តជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅអាហ្វ្រិកខាងកើត»។
យោងតាមការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌បាននិយាយថា ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរដូចជាទឹកជំនន់ និងគ្រោះរាំងស្ងួត ជម្លោះ និងការផ្ទុះជំងឺកំពុងបន្តបណ្តាលឱ្យមានការផ្លាស់ទីលំនៅ ភៀសខ្លួន និងជំរុញឱ្យមនុស្សរាប់លាននាក់ធ្លាក់ក្នុងអសន្តិសុខស្បៀងធ្ងន់ធ្ងរ៕