ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានសាទរចំពោះ «ភាពជាដៃគូពេញលេញ» របស់រុស្ស៊ី ជាមួយចិន ខណៈលោកបានជួបសមភាគីចិន លោក ស៊ី ជីនពីង (Xi Jinping) ជាលើកទីពីរក្នុងរយៈពេលតិចជាងពីរខែ ដោយបង្ហាញពីការឱបក្រសោបយ៉ាងជ្រាលជ្រៅរបស់ទីក្រុងមូស្គូ ចំពោះក្រុងប៉េកាំង។

លោក ពូទីន បាននិយាយនៅក្នុងកិច្ចប្រជុំមួយនៅខាងក្រៅជំនួបកំពូលសន្តិសុខកាលពីថ្ងៃពុធ (០៣ កក្កដា) នៅទីក្រុង អាស្តាណា (Astana) ប្រទេសកាហ្សាក់ស្ថានថា ទំនាក់ទំនងរុស្ស៊ី-ចិន «គឺល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រ ហើយត្រូវបានបង្កើតឡើងដោយឈរលើសមភាព ផលប្រយោជន៍រួម និងការគោរពអធិបតេយ្យភាពរបស់គ្នាទៅវិញទៅមក»។

លោក ស៊ី បានហៅលោក ពូទីន ថាមិត្តសម្លាញ់ ហើយសម្ដែងភាពរីករាយនៅក្នុងកិច្ចប្រជុំថ្មីរបស់មេដឹកនាំទាំងពីរ។ ក្រសួងការបរទេសចិន បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា លោក ស៊ី បានលើកឡើងថា ចិន និងរុស្ស៊ី គួរតែបន្តពង្រឹងការសម្របសម្រួលជាយុទ្ធសាស្ត្រ និងប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ។ ចំពោះបញ្ហាអ៊ុយក្រែន លោក ស៊ី បានរំលឹកឡើងវិញថា ចិនគឺ «តែងតែឈរនៅខាងភាពត្រឹមត្រូវនៃប្រវត្តិសាស្រ្ត» ហើយមានឆន្ទៈក្នុងការខិតខំប្រឹងប្រែងជាវិជ្ជមានដើម្បីលើកកម្ពស់កិច្ចចរចាសន្តិភាព និងដំណោះស្រាយនយោបាយ។
ចិន និងរុស្ស៊ី បានរួបរួមគ្នាក្នុងបេសកកម្មមួយដើម្បីទប់ទល់នឹងសហរដ្ឋអាមេរិក ខណៈដែលប្រទេសទាំងពីរប្រឈមមុខនឹងការត្រួតពិនិត្យកាន់តែខ្លាំងឡើងពីលោកខាងលិចជុំវិញគោលដៅយោធារបស់មេដឹកនាំប្រទេសទាំងពីរ៕