កំពង់ឆ្នាំង៖ ជនសង្ស័យ៤នាក់ រស់នៅក្នុងភូមិដូនវៀត ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវបានឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង អោយខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កសាងសំណុំរឿង បញ្ជូនមកអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងជាប្រញាប់ បន្ទាប់ពីរកឃើញថា ជនសង្ស័យទាំង៤នាក់នោះ បានពាក់ព័ន្ធក្នុងករណីល្មើស ឈូសទន្ទ្រានបំផ្លាញព្រៃលិចទឹកក្នុងអាងមេទឹកតំបន់២ អស់៣០៦៨៧ម៉ែត្រការ៉េ នៅចំណុចមេទឹកប្រាំងចាស់ ស្ថិតក្នុងភូមិដូនវៀត ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
សូមបញ្ជាក់ថា ៖ កាលពីដើមខែមេសា ឆ្នាំ២០២៤នេះ នៅក្នុងខេត្តកំពង់ឆ្នាំង អង្គភាពប្រឆាំងអំពើពុករលួយ រួមនិងឯកឧត្តមព្រះរាជអាជ្ញាកំពង់ឆ្នាំង បានចំណាត់ការលើករណីឈូសទន្ទ្រានដីព្រៃលិចទឹកក្នុងស្រុកកំពង់លែង ដោយបានចាប់ជនល្មើសចំនួន៣នាក់ដាក់ពន្ធនាគារ ។ ក្នុងករណីជនសង្ស័យ៤នាក់ រស់នៅក្នុងភូមិដូនវៀត ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលបានឈូសបំផ្លាញព្រៃលិចទឹកក្នុងអាងមេទឹកតំបន់២យកដីនេះ បានធ្វើសកម្មភាពយ៉ាងគឃ្លើនដោយមិនខ្លាចច្បាប់ និងបានប្រឆាំងទៅនឹងប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្តេចទើបមានប្រសាសន៍ថ្មីៗកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ក្នុងទិវាមច្ឆាជាតិនៅក្នុងខេត្តកំពង់ចាម ទាក់ទងនឹងការថែរក្សាព្រៃលិចទឹក ៕ កាំង ហុងវាស្នា


















