ទីភ្នាក់ងារការពារជនស៊ីវិល បាននិយាយកាលពីថ្ងៃពុធថា មនុស្សយ៉ាងហោចណាស់១៨០នាក់ បានស្លាប់ដោយសារទឹកជំនន់ហក់ឡើងខ្ពស់ច្រើនសប្តាហ៍នៅក្នុងរដ្ឋ Rio Grande do Sul ភាគខាងត្បូងប្រទេសប្រេស៊ីល ហើយមនុស្ស៣២នាក់ នៅបាត់ខ្លួននៅឡើយ។

ភ្លៀងធ្លាក់ខ្លាំង បានចាប់ផ្តើមនៅថ្ងៃទី២៩ខែមេសា និងបានបន្តច្រើនថ្ងៃ ដោយបានជន់លិចទីក្រុងនានានៅទូទាំងរដ្ឋ។ ការងារជួយសង្គ្រោះ និងស្តារឡើងវិញ បានចាប់ផ្តើម បន្ទាប់ពីទឹកជំនន់ចាប់ផ្តើមស្រកនៅពាក់កណ្តាលខែមិថុនា។
ទីភ្នាក់ងារ បាននិយាយនៅក្នុងរបាយការណ៍ថា អាកាសធាតុមិនអំណោយផលខ្លាំង បានធ្វើឲ្យប៉ះពាល់ដល់ប្រជាជនជាង២លាននាក់ នៅក្នុងក្រុងចំនួន៤៧៨ រួមទាំងរដ្ឋធានីរដ្ឋ ប៉តូ អាលីក្រេ(Porto Alegre) ហើយក្នុងអំឡុងពេលមានព្យុះខ្លាំង មនុស្សជាង ៤៥០.០០០នាក់ ត្រូវបានជម្លៀសចេញ។

រដ្ឋាភិបាលប្រេស៊ីល បានលៃលកថវិកាចំនួនប្រហែល ១៥,៤ ពាន់លានដុល្លារអាមេរិក ដើម្បីផ្តល់ជំនួយ និងកសាងទីក្រុង Rio Grande do Sul ឡើងវិញ នេះបើយោងតាមរដ្ឋមន្ត្រីទំនាក់ទំនងសង្គម លោក ប៉ៅឡូ ពីមីនតា(Paulo Pimenta) ដែលត្រូវបានតែងតាំងដោយប្រធានាធិបតី លោក លូអ៊ីស អ៊ីណាស៊ីញ៉ូ លូឡា ដាស៊ីលវ៉ា(Luiz Inacio Lula da Silva) ដើម្បីត្រួតពិនិត្យកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញ។
ទីក្រុង Rio Grande do Sul ជារដ្ឋកសិកម្ម មានទីតាំងនៅជាប់ព្រំដែនជាមួយប្រទេសអ៊ុយរ៉ាហ្គាយ និងអាហ្សង់ទីន បានមើលឃើញការខាតបង់ផ្នែកសេដ្ឋកិច្ចយ៉ាងច្រើន ពីគ្រោះមហន្តរាយនេះ។