អាជ្ញាធរមូលដ្ឋាននៅសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ និងសាលាបឋមសិក្សាចតុមុខ នៅព្រឹកថ្ងៃទី៤ ខែកក្កដានេះ បានសម្អាតអនាម័យ និងរើសសំរាមនៅខាងក្នុង និងក្រៅបរិវេនសាលារៀន ដែលជាការចូលរួមក្នុងយុទ្ធនាការ «កម្ពុជា ស្អាតខ្មែរអាចធ្វើបាន» របស់ក្រសួងបរិស្ថាន។
លោក សូ ធី នាយកសាលាបឋមសិក្សាចតុមុខ បានឱ្យដឹងថា ដើម្បីជាការចូលរួមចំណែកក្នុងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរអាចធ្វើបាន» របស់ក្រសួងបរិស្ថាន នៅថ្ងៃនេះសាលារៀនបានរៀបចំការសម្អាតនាម័យ និងរើសសំរាម នៅក្នុងសាលារៀន និងក្រៅសាលារៀន ដើម្បីលើកកម្ពស់សោភ័ណភាពសាលារៀនឱ្យបានស្អាត និងបំផុសស្មារតីឱ្យសិស្សចេះស្រលាញ់ភាពស្អាត និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ សិស្សនៅសាលាបឋមសិក្សាចតុមុខបានប្តេជ្ញាថា នឹងគោរពតាមការណែនាំរបស់លោកគ្រូ អ្នកគ្រូ ពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងមិនប្រើប្រាស់ថង់ប្លាស្ទិកជាដើម។
លោក លី សុខាគ្រី ចៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានឱ្យដឹងដែរថា ក្នុងនាមលោកជាអាជ្ញាធរ តែងតែផ្សព្វផ្សាយ និងដឹកនាំសម្អាតអនាម័យនៅតាមភូមិ សាលារៀន និងតាមវត្ត ដើម្បីឱ្យបរិស្ថាននៅក្នុងសហគមស្អាត រស់នៅមានផាសុខភាព។ ម្យ៉ាងវិញទៀត សកម្មភាពទាំងនេះ ក៍ជាការចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរអាចធ្វើបាន»ផងដែរ។
កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរអាចធ្វើបាន» ក្នុងគោលបំណងជំរុញប្រជាពលរដ្ឋឱ្យចូលរួមសម្អាតអនាម័យបរិស្ថាននៅក្នុងមូលដ្ឋានរបស់ខ្លួនក្នុងមួយថ្ងៃក្នុងមួយសប្តាហ៍។ គិតមកដល់ដើមខែកក្កដា ឆ្នាំ២០២៤នេះ មានឃុំសរុបចំនួនជាង១០០ នៅទូទាំងប្រទេសកម្ពុជា បានចូលរួមក្នុងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរអាចធ្វើបាន»។ នេះបើតាមការឱ្យដឹងពីមន្រ្តីនាំពាក្យក្រសួងបរិស្ថាន៕ អត្ថបទ៖ទូច សោភ័ណ





