នៅព្រឹកថ្ងៃទី៤ ខែកក្កដានេះ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជូនដំណើរកងអនុសេនាធំវិស្វកម្មលេខ ៤៦៨ ចំនួន ២៤៤នាក់ ប្តូរវេនទៅបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ UNនៅសាធារណរដ្ឋអាហ្វ្រឹកកណ្តាល ក្នុងឱកាសនេះដែរ មន្ត្រីការបរទេស បានថ្លែងថា កម្ពុជា ក៏បានរៀបចំកងកម្លាំងជាច្រើនកងទៀតត្រៀមបញ្ជូនបន្ថែមតាមសំណើរUN។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ក្នុងនាម ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលការបញ្ជូនកងកម្លាំងរក្សាសន្តិភាព បានថ្លែងថា តាមរយៈការតាំងចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ការបន្តបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពUNនេះ នៅពេលនេះ កម្ពុជាផ្ទាល់ក៏បានត្រៀមខ្លួនរួចរាល់អស់ហើយ និងអាចចាត់បញ្ជូនទាន់ពេលវេលា នៅពេលអង្គការសហប្រជាជាតិ មានតម្រូវចាត់បញ្ជូនរហ័ស ចូលរួមប្រតិបត្តិការថែរក្សាន្តិភាពUN នៅថ្ងៃខាងមុខ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា អនុវត្តតាមសំណូមពរអង្គការសហប្រជាជាតិ បច្ចុប្បន្ន កម្ពុជា បានដាក់បញ្ចូលកងកម្លាំងរក្សាសន្តិភាពចូលទៅក្នុងប្រព័ន្ធត្រៀមជាស្រាច់ UNPCRS រួមមាន៖ កងវិស្វកម្មព្រលានយន្តហោះមួយកងអនុសេនាធំចំនួន១២៩នាក់ កងស្ពានបណ្តែតទឹក និងចល័តលើគោក ១កង ចំនួន១៩៤នាក់ និងកងអាវុធហត្ថ១កង ចំនួន១១៩នាក់ រួចហើយ ហើយកងទាំងនេះអស់ត្រូវបានត្រួតពិនិត្យសុខភាព និងបានហ្វឹកហ្វឺនជំនាញរួចរាល់ មុនអនុញ្ញាតចេញដំណើរ។
នាយឧត្តមសេនីយ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកម្លាំងរក្សាសន្តិភាព ថ្លែងថា ក្នុងរយៈពេល១៨ឆ្នាំមកនេះ កម្ពុជា បានបញ្ជូនកងកម្លាំងសរុបប្រមាណ៩៥៧០នាក់ ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ ចំនួន១២បេសកកម្ម នៅតាមបណ្តាចំនួន ១០ប្រទេស រួមមាន សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ សាយប្រើស ស៊ីរី អាហ្វ្រិកកណ្តាល ម៉ាលី យ៉េមែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ធ្វើការងារលើជំនាញបោសសំអាតមីន វិស្វកម្មសំណង់ផ្តេក-បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្មព្រលានយន្តហោះ កំទេចគ្រាប់មិនទាន់ផ្ទុះ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា។
ឯកឧត្តម នាយឧត្តមសេនីយ សែម សុវណ្ណនី បន្តថា បច្ចុប្បន្ន កម្ពុជា មានកងកម្លាំងមួកខៀវ ប្រមាណ ៦២៧នាក់ បាននិងកំពុងបំពេញបេសកកម្មតាមបណ្តាប្រទេសកំពុងមានជម្លោះសង្គ្រាមចំនួន៤ រួមមាន៖ ស៊ូដង់ខាងត្បូង លីបង់ អាហ្វិ្រកកណ្តាល និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៕ អត្ថបទ ស៊ុម សុខជា