បន្ទាយមានជ័យ ៖ ស្ថានភាពការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងខេត្តបន្ទាយមានជ័យ មិនទាន់មានការធូរស្បើយនៅឡើយទេ ក្នុងរយៈពេលចុងក្រោយនេះ ដោយអាជ្ញាធរនៅបន្តរកឃើញអ្នកមានវិជ្ជមាន ក្នុងចំនួនច្រើនករណីជារៀងរាល់ថ្ងៃ និងទីតាំងពាក់ព័ន្ធមួយចំនួន ត្រូវបានធ្វើការបិទខ្ទប់ និងដាក់ជាតំបន់ក្រហមផងដែរ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បង្ហាញថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ រហូតដល់ចំនួន ១៩៩នាក់ ដោយធ្វើសំណាកតាមរយៈឧបករណ៍តេស្តរហ័ស ដែលភាគច្រើនអ្នកពាក់ព័ន្ធព្រឹត្តការណ៍សហគមន៍២០កុម្ភៈ និងពលករទើបត្រឡប់មកពីប្រទេសថៃ ហើយនៅថ្ងៃដូចគ្នានេះ មានអ្នកជាសះស្បើយចំនួន ១០៥នាក់ ។
ពាក់ព័ន្ធការឆ្លងកូវីដ១៩ មិនទាន់ថមថយនេះ អាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏បានធ្វើការបិទខ្ទប់ និងដាក់ជាតំបន់ក្រហមនូវទីតាំងមួយចំនួន គឺកាលពីថ្ងៃទី២៣ ខែសីហា ផ្សារចក្រី ស្ថិតក្នុងភូមិចក្រី ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ដោយបានធ្វើការបិទខ្ទប់រយៈពេល៧ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែសីហា ដោយអាជ្ញាធរចាត់ទុកថា ផ្សារនេះមានការឆ្លងរាលដាលច្រើន ។
កាលពីម្សិលមិញនោះដែរ រដ្ឋបាលខេត្ត ក៏បានសម្រេចកំណត់ភូមិសាស្ត្រមួយចំនួនទៀត ក្នុងសង្កាត់ទឹកថ្លៃ និងសង្កាត់កំពង់ស្វាយ ក្រុងសិរិសោភ័ណ ជាតំបន់ក្រហម ដោយសារតំបន់ទាំងនោះ មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ធ្ងន់ធ្ងរ និងគួរឲ្យព្រួយបារម្ភ ។
ក្នុងសេចក្តីសម្រេចបន្តថា សម្រាប់តំបន់មួយចំនួនក្នុងក្រុងសិរិសោភ័ណ ត្រូវបានដាក់ជាតំបន់ក្រហមនោះ មានបរិវេណផ្សារទឹកថ្លៃ វត្តភ្នំជញ្ជាំង ខាងកើតឈាងខាងជើងវត្តទឹកថ្លា ទីតាំងទាំង៣នេះ ស្ថិតក្នុងសង្កាត់ទឹកថ្លា និងបរិវេណផ្សារពង្រ ស្ថិតក្នុងសង្កាត់កំពង់ស្វាយ ។
គួរបញ្ជាក់ថា បច្ចុប្បន្នសកម្មភាព នៃការធ្វើដំណើរឆ្លងដែនរបស់ពលករ មកពីប្រទេសថៃ តាមច្រកនានាជាប់ខេត្តបន្ទាយមានជ័យ នៅតែមានចំនួនច្រើន ដោយក្នុងមួយថ្ងៃៗគឺចាប់ពី៤០០ ទៅ៥០០នាក់ ដោយពលករក្នុងចំណោមទាំងអស់នេះ ត្រូវបានមន្ត្រីសុខាភិបាល ធ្វើសំណាករកឃើញថា មានប្រមាណ១០ភាគរយ មានវិជ្ជមានកូវីដ១៩ ហើយបច្ចុប្បន្នខេត្តមួយនេះ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទបំប្លែងថ្មីដែលតា (Delta) ចំនួន១៤៦នាក់ហើយ ៕

