ភ្នំពេញ ៖ នៅថ្ងៃទី៤ ខែកក្កដានេះ ក្រសួងការពារជាតិប្រទេសកូរ៉េខាងត្បូង បានប្រគល់គ្រឿងចក្រធុនធំ៨គ្រឿង ជូនមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពកម្ពុជា ដើម្បីប្រើប្រាស់ ក្នុងប្រតិបត្តិការធ្វើលំហាត់ហ្វឹកហ្វឺនត្រីភាគី កម្ពុជា កូរ៉េខាងត្បូង អង្គការសហប្រជាជាតិUN នៅសាលាពហុសាសន៍ ACO ខេត្តកំពង់ស្ពឺ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ថ្លែងថា អនុវត្តតាមខ្លឹមសារអនុសារណៈការយោគយល់គ្នា កិច្ចសហប្រតិបត្តិការផ្នែកយោធាកម្ពុជា កូរ៉េខាងត្បូង នៅថ្ងៃនេះ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានផ្តល់គ្រឿងចក្រ និងសម្ភារៈរួមផ្សំនានាជាច្រើនទៀត តាមការសំណើរសុំ ដើម្បីយកទៅប្រើប្រាស់នៅក្នុងការធ្វើលំហាត់ហ្វឹកហ្វឺនគ្រឿងចក្រធុនធ្ងន់ការពារគ្រឿងផ្ទុះកែច្នៃ ត្រីភាគី កម្ពុជា កូរ៉េ UN ដែលកម្ពុជា នឹងធ្វើការជាម្ចាស់ផ្ទះរៀបចំនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
ឯកឧត្តម សែម សុវណ្ណនី បន្តថា នៅក្នុងការងារធ្វើលំហាត់ហ្វឹកហ្វឺនត្រីភាគីនេះ គឺមានបណ្តាប្រទេសនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីភិកជាច្រើនអញ្ជើញចូលរួម ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ ការងារប្រតិបត្តិការថែរក្សាសន្តិភាពអន្តរជាតិ ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។
ឯកឧត្តម បន្តថា នៅក្នុងដំណើរការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះធ្វើលំហាត់ហ្វឹកហ្វឺនត្រីភាគីនេះ បច្ចុប្បន្ន មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកម្ពុជា បានសាងសង់ជិតហើយរួចរាល់ នូវអាគារចំនួន៣ខ្នង សម្រាប់ត្រៀមសម្រាប់វគ្គហ្វឹកហ្វឺនដ៏សំខាន់នេះ ក្នុងនោះមាន អាគារសិក្សា សាលប្រជុំ និងអាគារស្នាក់នៅ អាចនឹងបញ្ចប់ការសាងសង់នាខែកញ្ញាខាងមុខនេះ ហើយក្នុងអាគារទាំងនេះ មានបំពាក់ដោយគ្រឿងអេឡិចត្រូនិចទំនើបៗ ទាន់សម័យ ដើម្បីផ្តល់ភាពងាយស្រួលដល់សិក្ខាកាម។
ក្រៅពីនេះ មជ្ឈមណ្ឌលជាតិក៏បានរៀបចំត្រៀមហើយរួចរាល់ មានទីលានហ្វឹកហាត់កម្ទេចគ្រឿងផ្ទុះEOD ទីលានហ្វឹកហាត់វិស្វកម្ម កុងទីន័ររក្សាទុកសម្ភាររបស់កូរ៉េ យានដ្ឋានរក្សាទុកគ្រឿងចក្រកូរ៉េ ជាដើមផងដែរ។
អត្ថបទ ៖ ស៊ុម សុខជា




