
ប្រភពពីប៉ាឡេស្ទីន បាននិយាយថា ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់ បានរងរបួសកាលពីថ្ងៃពុធ នៅពេលដែលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានកំណត់គោលដៅទៅលើផ្ទះលំនៅដ្ឋានមួយកន្លែងនៅក្នុងទីក្រុងខាន់ យូនីស ភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប។
ប្រភពសន្តិសុខប៉ាឡេស្ទីន បានជូនដំណឹងដល់សារព័ត៌មានស៊ីនហួថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានវាយប្រហារផ្ទះលំនៅដ្ឋានមួយ នៅជិតមន្ទីរពេទ្យ Naser និងសាលារៀន ដែលជាកម្មសិទ្ធិរបស់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ជិតបូព៌ាដោយគ្មានការព្រមានឲ្យដឹងជាមុន។
ប្រភពដដែល បានបន្ថែមថា តំបន់ដែលរងការវាយប្រហារ ត្រូវបានប្រកាសជាតំបន់សុវត្ថិភាពដោយកងកម្លាំងអ៊ីស្រាអែល។
ប្រភពផ្នែកវេជ្ជសាស្ត្រនៅមន្ទីរពេទ្យ Naser បានប្រាប់សារព័ត៌មានស៊ីនហួថា៖«អ្នករបួសដែលមកដល់មន្ទីរពេទ្យ មានរបួសពីមធ្យម ទៅធ្ងន់ធ្ងរ»។
ពុំមានការឆ្លើយតបភ្លាមៗពីកងទ័ពអ៊ីស្រាអែលទាក់ទងនឹងឧប្បត្តិហេតុនេះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា សកម្មភាពប្រតិបត្តិការរបស់ខ្លួន នៅតែបន្តនៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប។
អ៊ីស្រាអែល បាននិងកំពុងធ្វើការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា ដើម្បីសងសឹកប្រឆាំងនឹងការវាយលុករបស់ក្រុមហាម៉ាស ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១.២០០ នាក់ ត្រូវបានសម្លាប់ និងជាង ២០០នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ។