
រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi កាលពីថ្ងៃពុធ បានព្រមានអំពីការគំរាមកំហែងដែលបង្កឡើងដោយការរត់ពន្ធអាវុធ និងគ្រឿងញៀនជាបន្តបន្ទាប់ ពីប្រទេសស៊ីរីចូលទៅក្នុងទឹកដីហ្ស៊កដានី។
លោករដ្ឋមន្ត្រី បានធ្វើការអត្ថាធិប្បាយននេះ នៅក្នុងកិច្ចប្រជុំជាមួយលោក Alexander Lavrentiev បេសកជនពិសេសរបស់រុស្ស៊ីសម្រាប់ការតាំងទីលំនៅស៊ីរី នៅរដ្ឋធានីអាម៉ាន( Amman) របស់ប្រទេសហ្ស៊កដានី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសហ្ស៊កដានី។
លោក Safadi បានសង្កត់ធ្ងន់ថា ហ្ស៊កដានី នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីលុបបំបាត់ការគំរាមកំហែងទាំងនេះ និងការពារផលប្រយោជន៍ជាតិ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋរបស់ខ្លួន។
ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការវិវឌ្ឍថ្មីបំផុតទាក់ទងនឹងបញ្ហាស៊ីរី ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរួមរបស់ពួកគេក្នុងការសម្រេចបាននូវដំណោះស្រាយនយោបាយមួយដែលគោរពសាមគ្គីភាព បូរណភាព និងសន្តិសុខរបស់ប្រទេសស៊ីរី ព្រមទាំងផ្តល់លក្ខខណ្ឌសម្រាប់ការវិលត្រឡប់ដោយស្ម័គ្រចិត្តរបស់ជនភៀសខ្លួន ស៊ីរី។
ពួកគេ ក៏បានសម្លឹងមើលទៅលើកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់កិច្ចប្រតិបត្តិការយោធាអ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប និងគ្រោះមហន្តរាយមនុស្សធម៌ ដែលបង្កឡើងដោយសង្គ្រាមនេះ។