ភ្នំពេញ ៖ គម្រោង SENOVIE របស់ប្រទេសបារំាង ជាគម្រោងដែលសិក្សាអំពីជំងឺមហារីកសុដន់ ហើយគម្រោងនេះ ធ្វើការសិក្សាទាំងលើបច្ចេកទេសវេជ្ជសាស្ត្រ និងសិក្សាទាក់ទងទៅនឹងដំណើរជីវិតរបស់អ្នកជំងឺ (Parcours des Patientes) ដោយរាប់បញ្ចូលទាំងការស្វះស្វែងរកការព្យាបាល ស្មារតីសតិអារម្មណ៍ និងភាពខ្មាស់អៀនជាដើម។
គម្រោង SENOVIE គឺធ្វើបានឡើងនៅក្នុងប្រទេសចំនួន ៤ រួមមាន៖ ប្រទេស បេណាំង ( BENIN ), ម៉ាលី ( MALI), កម្ពុជា ( CAMBODIA ) និងបារាំង ( FRANCE)។ គម្រោងនេះគឺមានរយៈពេល ១ឆ្នាំ ហើយសម្រាប់នៅកម្ពុជា បានសហការជាមួយមន្ទីរពេទ្យកាល់ម៉ែត ដោយយកឯកសាររបស់អ្នកជំងឺមហារីកសុដន់ទាំងអស់ ដែលមានរយៈពេល៥ឆ្នាំ មកសិក្សា។
លោកស្រីបណ្ឌិត Clémence Schantz សង្គមវិទូ ទទួលបន្ទុកផ្នែកស្រាវជ្រាវនៃវិទ្យាស្ថានស្រាវជ្រាវដើម្បីការអភិវឌ្ឍនៃប្រទេសបារាំង បានថ្លែងថា គម្រោង SENOVIE ប្រទេសបារំាង បានសហការជាមួយក្រសួងសុខាភិបាល និងមន្ទីរពេទ្យកាល់ម៉ែត ដើម្បីផលិតទិន្នន័យស្តីពីជំងឺមហារីកសុដន់នៅកម្ពុជា ព្រោះកន្លងមកនេះ កម្ពុជា ពុំមានទិន្នន័យនៃអ្នកកើតជំងឺមហារីកសុដន់ជាក់លាក់នោះឡើយ។
លោកស្រីបណ្ឌិតបានបន្ដថា គោលបំណងរបស់យើង គឺចង់បានទាំងបរិមាណ និងគុណភាពនៃទិន្នន័យ ដែលមានលក្ខណៈគ្រប់គ្រាន់ ដើម្បីពន្យល់ពីអ្វីដែលជាដំណើរការព្យាបាលជំងឺមហារីកសុដន់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជំងឺមហារីកសុដន់ ឈរនៅលំដាប់ទីមួយក្នុងចំណោមជំងឺមហារីកទាំងអស់ដែលមានលើស្រ្តី ហើយអត្រាមរណភាពក៏ខ្ពស់ជាងគេ ក្នុងចំណោមជំងឺមហារីកទាំងឡាយដែលកើតមានលើស្រ្តី នៅក្នុងពិភពលោក។ បើយោងតាមការប៉ាន់ប្រមាណរបស់វិទ្យាស្ថានស្រាវជ្រាវដើម្បីអភិវឌ្ឍរបស់បារាំង (IRD) បានឱ្យដឹងថា «ស្ត្រី៥០នាក់ក្នុងចំណោម ១០០,០០០នាក់ នៅកម្ពុជាមានជំងឺមហារីកសុដន់»។
ជាមួយគ្នានេះឯកឧត្តមសាស្ដ្រាចារ្យ ហ៊ុន ចំរើន អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងថា គ្រប់បណ្តាប្រទេសទាំងអស់លើសកលលោក ជំងឺមហារីកជាឃាតករលាក់មុខ។ យោងតាមការប៉ាន់ប្រមាណរបស់អង្គការសុខភាពពិភពលោក ជំងឺមហារីកនៅកម្ពុជា មាននិន្នាការកើនឡើងគួរឱ្យកត់សម្គាល់។ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃពនរះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីកំពុងយកចិត្តទុកដាក់ជាខ្លាំងលើបញ្ហានេះ និងដាក់ចេញនូវយុទ្ធសាស្រ្តអាទិភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកាចសាហាវនេះ។ ដូចនេះគម្រោង SENOVIE នេះពិតជាមានសារៈសំខាន់ណាស់ ពីព្រោះបន្ទាប់ពីគម្រោងនេះបញ្ចប់ កម្ពុជានឹងមានទិន្នន័យពិតប្រាកដរបស់អ្នកជំងឺមហារីកសុដន់ ដែលមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត មានព័ត៌មានពិតរបស់អ្នកជំងឺ ដើម្បីធ្វើការសិក្សាបន្តបន្ទាប់ទៀតដោយពឹងផ្អែកលើទិន្នន័យពិត ស្ថានភាពពិត នៅក្នុងប្រទេសដើម្បីឈានទៅរកការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា និងការព្យាបាលប្រកបដោយប្រសិទ្ធិភាព៕
អត្ថបទ៖ រដ្ឋា













