
នៅពេលដែលចំហេះព្រៃឆាបឆេះយ៉ាងឆាប់រហ័ស បានចាប់ផ្តើមរាលដាលពាសពេញផ្ទៃដីរាប់ពាន់ហិកតានៃតំបន់ Butte County កាលពីថ្ងៃទី២ ខែកក្កដា បុរសម្នាក់ឈ្មោះ David Pittman ទោះជាមើលទៅមិនបានភ័យស្លន់ស្លោក៏ដោយ ក៏លោក និងក្រុមគ្រួសារ ត្រូវចាកចេញពីលំនៅឋាន ហើយបើកឡានតម្រង់ទៅផ្ទះបងស្រីរបស់លោក កាត់ទីក្រុង Oroville របស់រដ្ឋកាលីហ្វ័រញ៉ា។
ទីនោះគឺជាកន្លែងដែលលោកគ្រោងនឹងស្នាក់នៅរយៈពេលជាច្រើនថ្ងៃទៀត ពោលគឺយ៉ាងហោចណាស់រហូតដល់ក្រុមពន្លត់អគ្គិភ័យ បានគ្រប់គ្រងអគ្គិភ័យ Thompson ដែលបានលេបត្របាក់ផ្ទះម្បែងជាច្រើនខ្នង និងរថយន្តជាច្រើនគ្រឿង និងដែលបានជំរុញឲ្យមនុស្សប្រហែល ២៦.០០០នាក់ជម្លៀសចេញ ក្នុងនោះរួមទាំងលោក Pittman ផងដែរ។
លោក Pittman កាលពីថ្ងៃទី៣ ខែកក្កដា បាននិយាយថា៖ «ខ្ញុំមិនចង់និយាយទេ ប៉ុន្តែយើងមានបទពិសោធន៍ ក្នុងរឿងបែបនេះហើយ«។ បុរសវ័យ ៧០ឆ្នាំ គឺជាអភិបាលក្រុង Oroville ដែលជាទីក្រុងតូចមួយរបស់រដ្ឋកាលីហ្វ័រញ៉ាភាគខាងជើង។ លោកក៏មានតួនាទីជាប្រធានពន្លត់អគ្គិភ័យចូលនិវត្តន៍នៅមូលដ្ឋាន ដែលបានមើលឃើញតំបន់របស់លោកប្រឈមនឹងគ្រោះមហន្តរាយ បន្ទាប់ពីកើតមានគ្រោះមហន្តរាយជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
តែយ៉ាងណាក្ដី លោក Pittman បាននិយាយថា អគ្គិភ័យឆ្នាំនេះ នៅមានកម្រិតទាបជាងឆ្នាំ២០២០ ដោយនៅពេលនោះ ផ្ទៃដីរាប់លានហិកតា នៅទូទាំងរដ្ឋ California ត្រូវបានឆាបឆេះ ក្នុងនោះរួមទាំងការ «ឆេះរាលចូលទៅក្នុងទីក្រុង Oroville» ផងដែរ។
នៅឆ្នាំ២០២៤ អ្នកវិទ្យាសាស្ត្រអាកាសធាតុ បានព្រមានថា រដូវក្តៅដ៏ក្ដៅហួតហែង នៅភាគខាងលិច អាចធ្វើឲ្យរុក្ខជាតិកំពុងលូតលាស់ទៅជាក្រៀមស្វិត ដោយប្រែក្លាយរុក្ខជាតិទាំងនោះទៅគ្រាប់រំសេវ ដែលបង្កើតជារដូវអគ្គិភ័យដ៏គ្រោះថ្នាក់៕

