ពោធិ៍សាត់ ៖ ឯកឧត្តម កាត់ទើ មហាំម៉ាត់ណោសស៊្រី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានគណ:កម្មការប្រយុទ្ធប្រឆាំងគឿងញៀនក្រសួងទេសចរណ៍ តំណាងឯកឧត្តមសុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានគណ:កម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងទេសចរណ៍ បានអំពាវនាវដល់សាធារណ:ជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្លឹបកម្សាន្ត ខារ៉ាអូខេ សូមចូលរួមក្នុងយុទ្ធនាការរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់និងលុបបំបាត់ចំពោះបញ្ហាគ្រឿងញៀន"ក្រោមប្រធានបទសំអាតចកដើម្បីឲ្យទឹកថ្លាពេញផ្ទៃបឹងឬការសំអាតផ្ទះយើង"។
ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយអប់រំ ពីគ្រោះថ្នាក់នៃគ្រឿងញៀនក្នុងវិស័យទេសចរណ៍ខេត្តពោធិ៍សាត់ ដែលបានប្រារព្ធធ្វើនៅសាលាខេត្ត នាព្រឹកថ្ងៃទី០៤ខែកក្កដាឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីលោក រុន សារី អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមានការចូលរួមពី លោក លោកស្រី តំណាងមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ម្ចាស់អាជីវកម្ម សណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកម្សាន្ត ការ៉ាអូខេ និងភោជនីយដ្ឋានមួយចំនួនទៀត ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ចំពោះបញ្ហាគ្រឿងញៀនជាបញ្ហារួម ដែលផ្តើមចេញពីយើងម្នាក់ៗ ។ ក្នុងប្រធានបទខាងលើនេះមានន័យថា ដើម្បីចូលរួមក្នុងការទប់ស្កាត់ ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនខុសច្បាប់ ចាប់ផ្តើមពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ជាគំរូក្នុងការធ្វើតេស្តរហ័សរកសារធាតុញៀន តាមរយ:ទឹកមូត្រ ហើយបើលទ្ធផលវិជ្ជាមាន ត្រូវបណ្តេញចេញពីក្របខណ្ឌដោយមិនលើកលែងនោះឡើយ។ ក្រៅពីនេះរាជរដ្ឋាភិបាលបានបង្កើតកម្មវិធីទូរសព្ទដៃ(App NO Drug) ដើម្បីបង្កលក្ខណ:ងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការទទួលព័ត៌មានទាក់ទងនឹងបញ្ជាគ្រឿងញៀន ហើយក៏អាចរាយការណ៍ជូនសមត្ថកិច្ច តាមរយ:ទូរសព្ទដៃនេះផងដែរ។
ឯកឧត្តម កាទើ មហាំម៉ាត់ណោសស៊្រី សូមឲ្យលោក លោកស្រី ដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលាថ្ងៃនេះ ចូលរួមទាំងអស់គ្នាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ឲ្យបានសកម្ម និងត្រូវចូលរួមអនុវត្តបទបញ្ជាលេខ០១.បប របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២០ខែកុម្ភ:ឆ្នាំ២០២៤ ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ចំពោះម្ចាស់អាជីវកម្មណា អនុវត្តមិនបានត្រឹមត្រូវតាមច្បាប់ស្តីពីទេសចរណ៍ និងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន នឹងត្រូវអនុវត្តវិធានការរដ្ឋបាល។ សូមទាញយកកម្មវីធីទូរសព្ទដៃ"App No Drug"ដើម្បីងាយស្រួលក្នុងការរាយការណ៍និងទទួលព័ត៌មាន ទាក់ទងនឹងបញ្ហាគ្រឿងញៀន និងសូមបន្តអនុវត្តតាមទិសស្លោក(៣មិន ១រាយការណ៍)។ ៣មិន គឺមិនពាក់ព័ន្ធ មិនបន្ថួរបន្ថយ មិនអន្តរាគមន៍ - និង១រាយការណ៍ គឺរាយការណ៍ជូនសមត្ថកិច្ច នៅពេលឃើញសកម្មភាពគ្រឿងញៀនគ្រប់ទីកន្លែង ៕








