
យោធាអ៊ុយក្រែន និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទាហានរបស់ខ្លួន បានដកថយចេញពីទីក្រុង Chasiv Yar ស្ថិតនៅតំបន់ភាគខាងកើត Donetsk រយៈពេល ១ថ្ងៃ ក្រោយរុស្ស៊ី និយាយថា កងកម្លាំងរបស់ពួកគេ ដណ្តើមបានការគ្រប់គ្រងស្រុកមួយនៅក្នុងទីក្រុងយុទ្ធសាស្រ្តមួយនេះ ។
រូបភាពវីដេអូឃ្លីបថតពីលើអាកាសបញ្ចេញដោយអង្គភាពយោធាអ៊ុយក្រែន ឃើញអគាររងការបំផ្លិចបំផ្លាញនៅក្នុងទីក្រុង Chasiv Yar ។
ក្នុងករណីដែលកងកម្លាំងរុស្ស៊ី ដណ្តើមបានការគ្រប់គ្រងទាំងស្រុងទីក្រុង Chasiv Yar ពួកគេអាចនឹងប្រើប្រាស់ទីនេះជាប៉ុស្តិ៍ឈប់សម្រាករបស់ពួកគេ ដើម្បីរុលទៅភាគខាងលិចឆ្ពោះទៅកាន់ទីក្រុង Kramatorsk និងទីក្រុង Sloviansk របស់អ៊ុយក្រែន ។
ក្រសួងការពារជាតិរុស្ស៊ី និយាយកាលពីថ្ងៃពុធថា កងម្លាំងរបស់ពួកគេដណ្តើមបានការគ្រប់គ្រងខណ្ឌ Novyi របស់ ទីក្រុង Chasiv Yar ។
ការរុលចូលតំបន់ Kharkiv របស់កងកម្លាំងរុស្ស៊ី ត្រូវបានបញ្ឈប់ ប៉ុន្តែក្រុមអ្នកវិភាគយោធាអ៊ុយក្រែន ទទួលស្គាល់ថា ឆ្នាំ ២០២៤ គឺជាឆ្នាំដ៏លំបាកមួយសម្រាប់អ៊ុយក្រែនលើសមរភូមិប្រយុទ្ធ ហើយការពន្យាពេលទទួលបានជំនួយយោធាពីសហរដ្ឋអាមេរិក មាននូវផលប៉ះពាល់ខ្លាំង ។
យោធាអ៊ុយក្រែន និយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់ពួកគេថា មាននូវការប៉ះទង្គិចគ្នាជាង ១៦០លើកក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ដែលភាគច្រើនកើតឡើងនៅតំបន់ Donetsk ៕
