ភ្នំពេញ ៖ នាយកដ្ឋានសារមន្ទីរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅល្ងាចថ្ងៃទី០៤ ខែកក្កដានេះ បានរៀបចំកម្មវិធី ប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន១៤រូប ដែលជាសមុច្ច័យរបស់សារមន្ទីរ Metropolitan Museum ហៅកាត់ថាMET នៃសហរដ្ឋអាមេរិក បានប្រគល់ត្រឡប់មកប្រទេសកម្ពុជាវិញ។ពិធីនេះ មានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា និងភាគីពាក់ព័ន្ធមួយចំនួនទៀត។
នៅក្នុងពិធី លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ការប្រគល់សម្បត្តិវប្បធម៌របស់ជាតិត្រលប់មកពីសារមន្ទីរ MET គឺមានសារៈសំខាន់បំផុត មិនសម្រាប់តែប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូលផងដែរ។លោកជំទាវបន្តថា ការបញ្ចូនត្រឡប់មកវិញជាបន្តនូវសម្បត្តិវប្បធម៌ជាតិដែលត្រូវបានលួចនាំចេញដោយខុសច្បាប់នេះ គឺសបញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តស្វែងរក និងនាំយកមកវិញនូវព្រលឹងដូនតាខ្មែររបស់យើង ដែលបានឃ្លាតចាកឆ្ងាយពីទឹកដីកំណើតអំឡុងសង្គ្រាមស៊ីវិល និងអសន្តិសុខច្រើនទស្សវត្សរ៍កន្លងមកនេះ។ លើសពីនេះ លោកជំទាវបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងរបស់រដ្ឋអាជ្ញាធរសហរដ្ឋអាមេរិក លោកDamain Williams និងភាគីពាក់ព័ន្ធផ្សេងៗទៀត។
ការបញ្ជូនត្រឡប់មកវិញជាប្រវត្តិសាស្រ្តនូវរតនសម្បត្តិជាតិពីសារមន្ទីMET ដែលជាស្ថាប័នវប្បធម៌ដ៍ធំបំផុតមួយក្នុងពិភពលោក គឺតាមរយៈដំណើរការចរចាអស់ជាច្រើនឆ្នាំ រវាងក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ការិយាល័យរដ្ឋអាជ្ញាធរសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក និងតំណាងសារមន្ទីរ MET។
វត្ថុបុរាណខ្មែរទាំងអស់នេះ មានដូចជា៖ ទេពស្រី(នាងឧមា) ធ្វើពីថ្មភក់ សតវត្សរ៍ទី១០គ.ស ដែលជារូបចម្លាក់ដ៍ល្អឯកមួយមានប្រភពមកពីរាជធានីកោះកេរ។ នៅឆ្នាំ២០២១ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរកឃើញប្រអប់ជើងនៃបដិមានេះនៅរមណីដ្ឋានប្រាសាទកោះកេរ និងដោយផ្អែកលើសក្ខីកម្មពីបុគ្គលដែលបានលួចបញ្ជាក់ថា បដិមានេះត្រូវបានលួចយកចេញនៅឆ្នាំ១៩៩៧។ ទីបំផុត រូបចម្លាក់នាងឧមាអាចផ្គុំជាមួយគ្នាឡើងវិញជារូបបដិមាតែមួយពេញលេញ និងល្អវិចិត្រ។
ចម្លាក់ដ៍កម្រ និងជាស្នាដៃឯកមួយទៀត គឺបដិមាព្រះលោកេសូរ ធ្វើអំពីសំលោកហៈ ចុងសតវត្សរ៍ទី១០ ដើម១១គ.ស ដែលសារមន្ទីរMET បានទិញបដិមានេះពីលោក ឌូគ្លាស ឡាដហ្វដ(Douglas Latchford)
នៅក្នុងឆ្នាំ១៩៩២។ វត្ថុបុរាណដ៍សំខាន់មួយទៀតនោះគឺព្រះកេសព្រះលោកេសូរ ធ្វើពីសំរិទ្ធ សតវត្សរ៍ទី១០គ.ស ដែលកម្ពុជាតែងព្យាយាមស្វែងរក ដើម្បីយកមកផ្គុំឡើងវិញជាមួយនឹងដងខ្លួន បច្ចុប្បន្នកំពុងដាក់តាំងនៅសារមន្ទីរជាតិកម្ពុជា។ ព្រះកេសនេះប្រហែលត្រូវបានគេលួចនៅក្នុងទសវត្សរ៍១៩៩០ រីឯដងខ្លួនត្រូវបានគេរកឃើញនៅក្នុងស្ទឹងមួយក្នុងទសវត្សរ៍១៩៣០ ក្នុងខេត្តបាត់ដំបង៕ អត្ថបទ ៖ ទូច សោភ័ណ














