
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែកក្កដា) នេះ បាននិយាយថា ភ្លៀងធ្លាក់ខ្លាំង និងជំនន់ទឹកទន្លេ នៅភាគឦសានប្រទេសឥណ្ឌា និងប្រទេសជិតខាងបង់ក្លាដែស បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៩នាក់ ស្លាប់ ខណៈមានមនុស្សជាង ៣លាននាក់ កំពុងរងផលប៉ះពាល់។
ភ្លៀងរដូវមូសុងបង្កការបំផ្លិចបំផ្លាញយ៉ាងធំធេងជារៀងរាល់ឆ្នាំ ប៉ុន្តែអ្នកជំនាញនិយាយថា បម្រែបម្រួលអាកាសធាតុ កំពុងធ្វើឲ្យគំរូអាកាសធាតុប្រែប្រួលមិនទៀងទាត់ និងបង្កើនចំនួនគ្រោះធម្មជាតិច្រើនជាងមុន។
អាជ្ញាធរគ្រោះមហន្តរាយ ប្រចាំរដ្ឋ Assam ភាគឦសានរបស់ឥណ្ឌា បាននិយាយថា មនុស្ស ៨នាក់ បានបាត់បង់ជីវិត ក្នុងរយៈពេល ១ថ្ងៃកន្លងទៅ ដោយធ្វើឲ្យចំនួនអ្នកស្លាប់ ដោយសារភ្លៀងធ្លាក់ខ្លាំង គិតចាប់តាំងពីពាក់កណ្តាលខែឧសភាមក កើនដល់ ៤៦នាក់ហើយ។ ពួកគេបានបន្ថែមទៀតថា ប្រហែល ២.៨០០ភូមិ ក្នុងរដ្ឋនេះ ត្រូវបានជន់លិច ដែលប៉ះពាល់ដល់ប្រជាជនជាង ១,៦លាននាក់។
ចំណែកនៅប្រទេសបង់ក្លាដែសដែលទាបជាងនីវ៉ូទឹកសមុទ្រ ពោលគឺក្រោមខ្សែទឹកពីឥណ្ឌា ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់ថា ទឹកជំនន់នេះ បានប៉ះពាល់ដល់មនុស្សប្រហែល ១,៨លាននាក់។ ទីភ្នាក់ងារនេះ បានព្រមានថា ទឹកនឹងឡើងខ្លាំងក្នុងរយៈពេល ៣ថ្ងៃខាងមុខ៕