
នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមអ្នកកាន់ទុក្ខ និងសមាជិកគ្រួសារ បានចូលរួមពិធីបុណ្យសពទាហានអ៊ីស្រាអែល ដែលត្រូវបានសម្លាប់នៅតំបន់ហ្កាហ្សាស្រ្ទីប ។
កងទ័ពអ៊ីស្រាអែល និយាយថា លោកកាពីតែន Elay Elisha Lugasi វ័យ ២១ឆ្នាំ ត្រូវបានសម្លាប់នៅក្នុងសង្រ្គាមនៅភាគខាងជើងតំបន់ហ្កាហ្សា កាលពីថ្ងៃពុធ ។
ក្រុមគ្រួសាររបស់លោក និយាយថា លោកបានរងរបួសអំឡុងពេលបម្រើយោធានៅតំបន់ហ្កាហ្សា ក្រោយសង្រ្គាមផ្ទុះឡើងកាលពីខែតុលា ឆ្នាំមុន ប៉ុន្តែក្រោយជាសះស្បើយពីរបួស លោកក៏បានសម្រេចចិត្តវិលត្រឡប់ទៅបម្រើកងទ័ពវិញ ។
ពិធីបុណ្យសពនេះ បានធ្វើឡើងនៅទីក្រុង Rosh Pina ស្ថិតនៅភាគខាងជើងអ៊ីស្រាអែល ហើយលោកនឹងត្រូវនាំយកទៅបញ្ចុះនៅទីក្រុងកំណើត Kiryat Shmona ស្ថិតនៅជាប់ព្រំដែនប្រទេសលីបង់ ជាកន្លែងដែលសង្រ្គាមកំពុងកើតឡើងជាមួយក្រុមឧទ្ទាមហេសប៊ូឡា ។
ក្រុមហេសប៊ូឡា និយាយនៅថ្ងៃព្រហស្បតិ៍ថា ពួកគេបានបាញ់រ៉ុក្កែតជាង ២០០គ្រាប់ និងយានដ្រូនរាប់សិបគ្រឿងលើទីតាំងយោធា ១០កន្លែងរបស់អ៊ីស្រាអែល ដើម្បីឆ្លើយតបនឹងការសម្លាប់មេបញ្ជាការម្នាក់ ក្នុងចំណោមមេបញ្ជាការជាន់ខ្ពស់របស់ពួកគេ នៅតំបន់ភាគខាងត្បូងលីបង់កាលពីថ្ងៃពុធ ៕