
ក្រុមហេសបូឡាហ៍របស់លីបង់ នៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែកក្កដា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនបានបាញ់រ៉ុក្កែតជាង ២០០គ្រាប់ និងយានដ្រូនជាច្រើន ទៅកាន់ទីតាំងយោធាអ៊ីស្រាអែលចំនួន ១០កន្លែង ដើម្បីជាការឆ្លើយតបទៅនឹងការសម្លាប់មេបញ្ជាការជាន់ខ្ពស់មួយរូបរបស់ក្រុមឧទ្ទាម ដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់មួយនេះ នៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃពុធ (ទី៣ ខែកក្កដា)។
អ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយថា ការអះអាងរបស់ក្រុមហេសបូឡាហ៍ កំពុងស្ថិតក្រោមការត្រួតពិនិត្យ ខណៈសេវារថយន្តសង្គ្រោះរបស់អ៊ីស្រាអែល បានប្រាប់ថា មិនមានការរាយការណ៍ពីអ្នករងរបួសនោះទេ។
ការបាញ់ស្រោច នៅថ្ងៃព្រហស្បតិ៍នេះ កើតមានឡើងបន្ទាប់ពីការវាយប្រហារយ៉ាងហោចណាស់ចំនួន២កាលពីថ្ងៃពុធ ជាឆ្លើយតបទៅនឹងអ្វីដែលក្រុមហេសបូឡាហ៍ហៅថា «ការធ្វើឃាត» លើមេបញ្ជាការរបស់ខ្លួន គឺលោក Mohammed Nasser។
ក្រុមសកម្មប្រយុទ្ធនេះ បាននិយាយថា ខ្លួនបានបាញ់រ៉ុក្កែត Katyusha ចំនួន ១០០គ្រាប់ ដាក់មូលដ្ឋានយោធាអ៊ីស្រាអែល ក្នុងទីក្រុង Golan និងមីស៊ីល Falaq ផលិតដោយអ៊ីរ៉ង់ជាច្រើនគ្រាប់ ទៅកាន់មូលដ្ឋានមួយផ្សេងទៀត នៅក្នុងទីក្រុង Kiryat Shmona ក្បែរព្រំដែនអ៊ីស្រាអែល-លីបង់ កាលពីថ្ងៃពុធ។
គួរបញ្ជាក់ថា ក្រុមហេសបូឡាហ៍ បានចាប់ផ្តើមបាញ់ប្រហារទៅលើគោលដៅផ្សេងរបស់អ៊ីស្រាអែល នៅតាមបណ្ដោយព្រំដែនជាមួយប្រទេសលីបង់ បន្ទាប់ពីសម្ព័ន្ធមិត្តប៉ាឡេស្ទីនរបស់ខ្លួន គឺក្រុមហាម៉ាស បានបើកការវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយប្រកាសគាំទ្រដល់ប៉ាឡេស្ទីន។ ក្រុមនេះបាននិយាយថា ខ្លួននឹងឈប់បាញ់នៅពេលអ៊ីស្រាអែលបញ្ឈប់ការវាយលុកនៅតំបន់ហ្កាហ្សា៕