
ក្នុងរយៈពេលប៉ុន្មានថ្ងៃមុនកិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO) នៅទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock នៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែកក្កដា) នេះ បាននិយាយថា សម្ព័ន្ធភាពត្រូវតែក្លាយទៅជា «អឺរ៉ុបឲ្យច្រើនជាងនេះទៀត ដោយឯករាជ្យពីលទ្ធផលបោះឆ្នោត នៅសហរដ្ឋអាមេរិក»។
គួរបញ្ជាក់ថា អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងក្លាពីសេតវិមាន និងមន្ត្រីជាន់ខ្ពស់លោកខាងលិច ចំពោះការលើកឡើង ដែលថា លោកនឹងមិនការពារសម្ព័ន្ធមិត្តណាតូ ដែលមិនបានចំណាយគ្រប់គ្រាន់លើវិស័យការពារជាតិ ហើយថែមទាំងជំរុញឲ្យរុស្ស៊ីវាយប្រហារប្រទេសទាំងនោះទៀតផង។
ក្នុងនាមជាប្រធានាធិបតីអាមេរិក ពីឆ្នាំ២០១៧-២០២១ លោក Trump ជារឿយៗ បានស្តីបន្ទោសអង្គការណាតូ និងប្រទេសសមាជិករបស់សម្ព័ន្ធភាពនេះ ដូចជាអាល្លឺម៉ង់ជាដើម ដោយចោទប្រកាន់ថា ពួកគេមិនបានចំណាយគ្រប់គ្រាន់ដល់វិស័យការពារជាតិរបស់ពួកគេ ដោយពឹងផ្អែកលើទីក្រុងវ៉ាស៊ីនតោន ដើម្បីការពារពួកគេ។ លោកបានចោទសួរដោយចំហ អំពីគោលការណ៍ការពាររួម។
ដោយនិយាយនៅឯសភាអាល្លឺម៉ង់ លោកស្រី Baerbock បានព្រមានថា «ការវាយប្រហាររបស់លោក (Vladimir) Putin ក៏មានអត្ថន័យដល់យើងដែរ»។ រដ្ឋមន្ត្រីការបរទេសរបស់គណបក្ស Greens រូបនេះ បានរំលឹកឡើងវិញនូវការកត់សម្គាល់ នៅមុននេះ ដោយលោកស្រីបានប្រាប់សមាជិកសភាដែលទះដៃអបអរសាទរថា៖ «ការគាំទ្រដល់ប្រទេសអ៊ុយក្រែន មិនមែនជាកាយវិការសប្បុរសធម៌ទេ។ វាជាការវិនិយោគលើសុវត្ថិភាពផ្ទាល់ខ្លួនរបស់យើង ក្នុងសេរីភាពរបស់យើងផ្ទាល់»៕