
នគរបាលឥណ្ឌា និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេបានចាប់ខ្លួនមនុស្ស ៦នាក់ ពាក់ព័ន្ធនឹងហេតុការណ៍ជាន់គ្នានៅក្នុងពិធីបុណ្យសាសនាហិណ្ឌូ ស្ថិតនៅរដ្ឋភាគខាងជើង Uttar Pradesh ក្នុងសប្តាហ៍នេះ ដែលបានសម្លាប់មនុស្ស ១២១នាក់ ។
ហេតុការណ៍ជាន់គ្នានេះ បានកើតឡើងកាលពីថ្ងៃអង្គារ នៅភូមិ Phulrai Mughal Garhi ស្រុក Hathras ជាទីដែលមនុស្សប្រហែល ២៥ម៉ឺននាក់ បានជួបជុំគ្នាស្តាប់ឱវាទរបស់បូជាចារ្យ Suraj Pal Singh ។
នគរបាលនិយាយថា ក្រុមអ្នករៀបចំពិធីបុណ្យនេះ ទទួលបានការអនុញ្ញាតឲ្យមានមនុស្សជួបជុំគ្នាត្រឹមតែ ៨ម៉ឺននាក់ប៉ុណ្ណោះ ។
លោកបូជាចារ្យ Suraj និយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធថា ហេតុការណ៍ប្រជ្រៀតជាន់គ្នានេះ បានកើតឡើងបណ្តាលមកការមិនស្តាប់បង្គាប់ ប៉ុន្តែលោកពុំបានបរិយាយអ្វីច្រើននោះឡើយ ៕