
ក្រុមអ្នកធ្វើយុទ្ធនាការ ដើម្បីសិទ្ធិមនុស្ស នៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែកក្កដា) នេះ បានប្រាប់ឲ្យដឹងថា មេដឹកនាំបេឡារុស លោក Alexander Lukashenko បានដោះលែងអ្នកទោសនយោបាយយ៉ាងហោចណាស់ ១០នាក់ ក្នុងនោះមានរួមទាំងឥស្សរជនប្រឆាំងជើងចាស់ម្នាក់ដែលមានជំងឺមហារីកផងដែរ។
ប៉ុន្តែការលើកលែងទោសដ៏កម្រនេះ នៅតែបន្សល់ទុកមនុស្សប្រហែល ១.៤០០នាក់ផ្សេងទៀតស្ថិតក្នុងការឃុំឃាំងដដែល សម្រាប់សកម្មភាពនយោបាយ ដែលភាគច្រើននៃពួកគេត្រូវបានចាប់ខ្លួនបន្ទាប់ពីមានការតវ៉ាដោយសន្តិវិធី ក្នុងឆ្នាំ២០២០ និងត្រូវបានផ្ដន្ទាទោសលើករណីជាច្រើន ទាក់ទងនឹងការចោទប្រកាន់ថា ជ្រុលនិយម។ អង្គការសិទ្ធិមនុស្សឈ្មោះ Viasna បានឲ្យដឹងថា ខ្លួនបានស្គាល់ស្ត្រី ៣នាក់ និងបុរស ៧នាក់ ដែលត្រូវបានដោះលែង។
មនុស្សតែម្នាក់គត់ដែលមកទល់ពេលនេះ ត្រូវបានសាច់ញាតិប្រាប់ឈ្មោះ គឺលោក Ryhor Kastusiou វ័យ ៦៧ឆ្នាំ ជាអតីតមេដឹកនាំគណបក្សប្រឆាំង និងជាបេក្ខជនប្រធានាធិបតី។ រូបលោកត្រូវបានចាប់ខ្លួននៅឆ្នាំ២០២១ ហើយត្រូវបានកាត់ទោសនៅឆ្នាំបន្ទាប់ឲ្យជាប់ពន្ធនាគារ ១០ឆ្នាំ បន្ទាប់ពីត្រូវបានកាត់ទោសពីបទរៀបគម្រោងប្រឆាំងរដ្ឋាភិបាល ដើម្បីដណ្តើមអំណាច។ បន្ទាប់ពីការចាប់ខ្លួននោះ រូបលោកត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីក។
បណ្ដាសកម្មជន បាននិយាយថា ក្ដីរីករាយរបស់ពួកគេ នៅពេលមានសេរីភាពនេះ គឺជាភាពផ្អែមល្ហែមលាយឡំជាមួយនឹងភាពល្វីងជូរចត់៕