ដោយប្រើប្រាស់ទ្រព្យសម្បត្តិរបស់ខ្លួនជាការគំរាមផង និងជារង្វាន់ផង បណ្ដាម្ចាស់ជំនួយធំៗបានអនុវត្តគំនិតផ្តួចផ្តើមមួយចំនួនដើម្បីដាក់សម្ពាធលោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) ឱ្យចុះចេញពីតំណែង និងជួយរៀបចំមូលដ្ឋានគ្រឹះសម្រាប់បេក្ខជនជំនួស។

កិច្ចខិតខំប្រឹងប្រែង ដែលខ្លះមានការសម្របសម្រួល ខ្លះមានជម្លោះ និងខ្លះទៀតនៅតែជាសំបកគម្រោង បង្ហាញពីការប្រេះឆាដ៏គួរឱ្យកត់សម្គាល់ និងភាពខ្វែងគំនិតដែលកំពុងកើនឡើងរវាងក្រុមម្ចាស់ជំនួយរបស់គណបក្ស ដែលអាចជះឥទ្ធិពលលើការប្រកួតប្រជែងរកសន្លឹកឆ្នោត ហើយនិងថាតើម្ចាស់ជំនួយមានឥទ្ធិពលលើការសម្រេចចិត្តរបស់លោក បៃដិន ដែរឬទេ។

លោកប្រធានាធិបតី បៃដិន កាលពីថ្ងៃពុធ (០៣ កក្កដា) បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តប្រជែងតំណែងជាថ្មី ស្របពេលមានការរិះគន់លើការធ្វើមិនបានល្អក្នុងពេលជជែកដេញដោលដ៏ទន់ខ្សោយរបស់លោកកាលពីសប្តាហ៍មុន ប៉ុន្តែនោះមិនបានធ្វើឱ្យម្ចាស់ជំនួយ ឬក្រុមអ្នកយុទ្ធសាស្ត្រដែលបារម្ភថាលោកមិនអាចឈ្នះឆ្នោតក្នុងខែវិច្ឆិកា កាត់បន្ថយការភ័យព្រួយនោះឡើយ។
ម្ចាស់ជំនួយ និងអ្នកយុទ្ធសាស្ត្រមួយក្រុមកំពុងធ្វើការដើម្បីរៃអង្គាសប្រាក់បានចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់មូលនិធិដែលមានឈ្មោះថា ជំនាន់បន្ទាប់ (Next Generation PAC) ដែលនឹងត្រូវប្រើដើម្បីគាំទ្របេក្ខជនជំនួស។
ប្រសិនបើលោក បៃដិន មិនចុះចេញពីតំណែងទេ ថវិកានោះអាចនឹងត្រូវបានប្រើដើម្បីជួយបេក្ខជនជាន់ទាប នេះបើយោងតាមអ្នកជិតស្និទ្ធនឹងការខិតខំប្រឹងប្រែងនេះ។ ម្ចាស់ជំនួយផ្សេងទៀតកំពុងគំរាមដកការបរិច្ចាគមិនត្រឹមតែសម្រាប់លោក បៃដិន ប៉ុណ្ណោះទេ ថែមទាំងដកពីក្រុមប្រជាធិបតេយ្យផ្សេងទៀត លុះត្រាតែលោក បៃដិន យល់ព្រមចាកចេញ៕