លោកប្រធានាធិបតី Joe Biden បាននិយាយថា "ខ្ញុំមិនទៅណាទេ" "I'm not going anywhere" ខណៈលោកប្រឈមកាន់តែខ្លាំងទៅនឹងការអំពាវនាវដោយសមាជិកគណបក្សប្រជាធិបតេយ្យជាច្រើនឲ្យលោកបោះបង់ចោលការប្រកួតប្រជែងការបោះឆ្នោតអាណត្តិថ្មីរបស់លោក ដោយប្រើការប្រារព្ធពិធីទិវាបុណ្យឯករាជ្យ៤កក្កដា កាលពីថ្ងៃព្រហស្បតិ៍ទី ៤ ខែកក្កដា ដើម្បីឆ្លើយតបទៅនឹងការមន្ទិលសង្ស័យអំពីភាពរឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្តរបស់លោក ដើម្បីបន្តយុទ្ធនាការសម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកាឆ្នាំនេះ ។

ការបង្ហាញភាពរង្គោះរង្គើរបស់អ្នកប្រជាធិបតេយ្យវ័យ៨១ ឆ្នាំ នៅឯការជជែកដេញដោលកាលពីថ្ងៃទី ២៧ ខែមិថុនា ជាមួយគូប្រជែងមកពីគណបក្សសាធារណរដ្ឋលោក Donald Trump មានន័យថារាល់ការលេចមុខរបស់លោកឥឡូវនេះត្រូវបានគេតាមដានយ៉ាងដិតដល់។ អ្នកបោះឆ្នោតឲ្យបក្សប្រជាធិបតេយ្យជាច្រើនព្រួយបារម្ភថាតើរូបលោកអាចរក្សាល្បឿននៃការងារដ៏លំបាកក្នុងរយៈពេល៤ឆ្នាំកន្លះ ខាងមុខបានដែរឬអត់ ហើយសមាជិកមួយចំនួននៅក្នុងគណបក្សរបស់លោកបានជំរុញឱ្យលោកបោះបង់ចោលការប្រជែងតំណែងប្រធានាធិបត្តីអាណត្តិបន្ទាប់ទៅ។

អំឡុងសុន្ទរកថារបស់លោក លោក Biden បាននិយាយថា អ្នករាល់គ្នាបានស្គាល់ខ្ញុំហើយ ។ ខ្ញុំមិនទៅណាទេ ដោយលោកបានបញ្ជាក់ឡើងវិញនូវការសន្យារបស់លោកថា លោកនឹងនៅតែស្ថិតក្នុងការប្រកួតប្រជែង ទោះបីជាមានការអំពាវនាវកាន់តែខ្លាំងឱ្យលោកដកខ្លួនចេញក៏ដោយ៕