ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៤ កក្កដា) ក្នុងសន្និសីទព័ត៌មាននៅប្រទេសកាហ្សាក់ស្ថាន បន្ទាប់ពីត្រូវបានសាកសួរពីការលើកឡើងរបស់លោក ត្រាំ ដែលថាលោកអាចបញ្ចប់សង្រ្គាមអ៊ុយក្រែនបានយ៉ាងឆាប់រហ័ស បើលោកឈ្នះតំណែងសេតវិមានថា លោកជឿជាក់ថាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) មានចិត្តស្មោះចង់បញ្ចប់សង្រ្គាមនៅអ៊ុយក្រែនពិតមែន ប៉ុន្តែលោកមិនដឹងទេថាតើលោក ត្រាំ ធ្វើគម្រោងនោះដោយមធ្យោបាយណា ប្រសិនបើជាប់ឆ្នោត។

លោក ពូទីន បាននិយាយថា «យើងយកចិត្តទុកដាក់លើរឿងដែលថាលោក ត្រាំ ប្រកាសថាខ្លួនត្រៀមរួចជាស្រេចដើម្បីបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែននេះណាស់។ យើងមិនដឹងថាលោកនឹងធ្វើដោយរបៀបណាទេ ប៉ុន្តែយើងគិតថាលោកនិយាយដោយស្មោះ ហើយយើងគាំទ្រគំនិតនោះ»។
សារព័ត៌មាន វ៉ាស៊ីនតោន ប៉ុស្តិ៍ (Washington Post) បានរាយការណ៍កាលពីខែមេសាថា លោក ត្រាំ បាននិយាយជាលក្ខណៈឯកជនពីជម្រើសនៃការអនុញ្ញាតឱ្យលោក ពូទីន ទុកតំបន់គ្រីម៉េ (Crimea) និងតំបន់ ឌុនបាស (Donbas) ដើម្បីជាថ្នូរនឹងសន្តិភាព ប៉ុន្តែមិនមានការបញ្ជាក់ពីយុទ្ធនាការលោកនោះទេ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីខែមុនថា ទីប្រឹក្សាពីរនាក់របស់លោក ត្រាំ បានបង្ហាញលោកនូវផែនការបញ្ចប់សង្រ្គាម ដែលពាក់ព័ន្ធនឹងការប្រាប់អ៊ុយក្រែនថាខ្លួននឹងមិនទទួលបានអាវុធបន្ថែមទៀតពីអាមេរិកទេ ប្រសិនបើមិនចូលរួមក្នុងកិច្ចចរចាសន្តិភាព។

លោក ពូទីន បាននិយាយកាលពីខែមុនថា រុស្ស៊ីនឹងបញ្ចប់សង្រ្គាម លុះត្រាតែក្រុងគីវ បានយល់ព្រមទម្លាក់មហិច្ឆតាចូលរួមក្នុងអង្គការណាតូ ហើយប្រគល់ទឹកដីមូលនៃខេត្តចំនួនបួនដែលទាមទារដោយទីក្រុងមូស្គូ ប៉ុន្តែទីក្រុងគីវ បានបដិសេធភ្លាមៗ ហើយថានោះស្មើនឹងការចុះចាញ់៕