យុទ្ធនាការរបស់លោក ដូណាល់ ត្រាំ (Donald Trump) និងសម្ព័ន្ធមិត្តមួយចំនួនរបស់លោកបានបើកការវាយប្រហារនយោបាយជាមុនលើអនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) ដើម្បីព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះលោកស្រី ស្របពេលមានការពិភាក្សាក្នុងចំណោមសមាជិកគណបក្សប្រជាធិបតេយ្យមួយចំនួនថា លោកស្រីអាចជាជម្រើសជំនួសតំណែងបេក្ខជនរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) សម្រាប់គណបក្សប្រជាធិបតេយ្យ ក្នុងការឈរឈ្មោះបោះឆ្នោតឆ្នាំ២០២៤។

នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងនៅក្នុងសេចក្តីថ្លែងការណ៍នានាក្នុងពេល ៤៨ ម៉ោងចុងក្រោយនេះ យុទ្ធនាការរបស់លោក ត្រាំ និងសម្ព័ន្ធមិត្តបក្សសាធារណៈរដ្ឋរបស់លោក ហាក់ដូចជាកំពុងដាក់មូលដ្ឋានគ្រឹះសម្រាប់ការវាយប្រហារលើលោកស្រី ហារីស ប្រសិនបើលោក បៃដិន វ័យ ៨១ ឆ្នាំសម្រេចចិត្តបញ្ចប់កិច្ចប្រឹងប្រែងបោះឆ្នោតឡើងវិញ បន្ទាប់ពីការជជែកដេញដោលដ៏រអាក់រអួលរបស់ខ្លួនកាលពីសប្តាហ៍មុន។

ខណៈពេលដែលលោក បៃដិន បានទទូចថាមិនចាកចេញពីការប្រកួតប្រជែង ហើយលោកស្រី ហារីស នៅតែបន្តគាំទ្រលោកយ៉ាងរឹងមាំនោះ យុទ្ធនាការលោក ត្រាំ មិនមានអ្វីត្រូវខាតបង់ក្នុងការវាយប្រហារទៅលើលោកស្រី ហារីស ជាមុននោះទេ ព្រោះបើសិនលោកស្រីត្រូវបានតែងតាំងជាបេក្ខជនប្រធានាធិបតីពិតមែន លោកស្រីអាចនឹងត្រូវប្រឈមស្ថានភាពទន់ខ្សោយរួចជាស្រេច។

សមាជិកគណបក្សសាធារណរដ្ឋ តែងតែរិះគន់លោកស្រី ហារីស វ័យ ៥៩ ឆ្នាំក្នុងអាណត្តិលោក បៃដិន នេះ ប៉ុន្តែការវាយប្រហារនៅសប្តាហ៍នេះតំណាងឱ្យការកើនឡើងយ៉ាងខ្លាំងនៃភាពតានតឹងនយោបាយ ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការពិភាក្សា ដែលថាលោកស្រី អាចជំនួសលោក បៃដិន ជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ៕