សារព័ត៌មាន គ្លូបបល ថែមស៍ (Global Times) ដែលគាំទ្រដោយរដ្ឋរបស់ប្រទេសចិន បានជំរុញឱ្យសហភាពអឺរ៉ុប «បង្ហាញភាពស្មោះត្រង់» នៅក្នុងកិច្ចពិភាក្សាបច្ចេកទេស មុនពេលដាក់ពន្ធលើរថយន្តអគ្គិសនីដែលផលិតដោយចិន (EVs) បន្ទាប់ពីប្លុកនេះបាននិយាយថា ពន្ធបណ្តោះអាសន្ននឹងចូលជាធរមានចាប់ពីថ្ងៃសុក្រ (០៥ កក្កដា) នេះ។

នៅពេលដែលរដ្ឋបាលសហរដ្ឋអាមេរិករបស់លោក ដូណាល់ ត្រាំ (Donald Trump) បានដំឡើងពន្ធលើទំនិញចិនមានតម្លៃ ៣០០ ពាន់លានដុល្លារក្នុងឆ្នាំ២០១៨ ដោយធ្វើឱ្យសង្រ្គាមពាណិជ្ជកម្មកាន់តែតានតឹង ប្រទេសចិន ជាធម្មតាបានឆ្លើយតបយ៉ាងឆាប់រហ័សជាមួយនឹងការទប់ស្កាត់របស់ខ្លួន ប៉ុន្តែមកដល់ព្រឹកថ្ងៃសុក្រនេះ ទីក្រុងប៉េកាំង បានត្រឹមតែជំរុញឱ្យទីក្រុងប្រ៊ុចសែល ធ្វើការចរចារឱ្យកាន់តែម៉ឹងម៉ាត់ប៉ុណ្ណោះ។

ចំណងជើងធំៗនៃអត្ថបទពីសារព័ត៌មាន Global Times បន្ទាប់ពីការសម្រេចចិត្តរបស់ទីក្រុងប្រ៊ុចសែល ស្របពេលភាពស្ងៀមស្ងាត់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋផ្សេងទៀត បានបង្ហាញថា «ប្រទេសចិនជំរុញឱ្យសហភាពអឺរ៉ុប ពន្លឿនការពិគ្រោះយោបល់លើដំណោះស្រាយការដំឡើងពន្ធរថយន្ដ EV» ខណៈដកស្រង់សម្តីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ហឺ យ៉ាតុង (He Yadong) កាលពីថ្ងៃព្រហស្បតិ៍ ទាក់ទងនឹងពន្ធដែលនឹងមកដល់ រហូតដល់ ៣៧,៦ ភាគរយលើរថយន្ត EV ផលិតនៅចិនថា «នៅតែមានរយៈពេលបួនខែទៀតសម្រាប់ការសម្របសម្រួល»។

សូមបញ្ជាក់ថា អាជ្ញាធរចិន ជារឿយៗបានបង្ហើបនូវអ្វីដែលពួកគេអាចនឹងធ្វើបន្ទាប់ តាមរយៈការអត្ថាធិប្បាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងការសម្ភាសន៍ជាមួយឥស្សរជនឧស្សាហកម្ម។ រដ្ឋាភិបាលចិនបានអំពាវនាវម្តងហើយម្តងទៀតឱ្យសហភាពអឺរ៉ុបលុបចោលពន្ធគយរបស់ខ្លួន ដោយបង្ហាញឆន្ទៈក្នុងការចរចា ហើយបាននិយាយថា ខ្លួនមិនចង់ចូលរួមក្នុងសង្គ្រាមពន្ធផ្សេងទៀតទេ ប៉ុន្តែថានឹងចាត់វិធានការទាំងអស់ដើម្បីការពារក្រុមហ៊ុនចិន៕