ទីភ្នាក់ងារព័ត៌មានរដ្ឋ និងមន្ត្រីក្នុងតំបន់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ថា ជនអន្តោប្រវេសន៍ជិត៩០នាក់ ដែលធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប បានស្លាប់ និងរាប់សិបនាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីទូករបស់ពួកគេបានលិចនៅក្បែរឆ្នេរសមុទ្រប្រទេស ម៉ូរីតានី (Mauritania) កាលពីដើមសប្តាហ៍នេះ ។
ទីភ្នាក់ងារព័ត៌មានរដ្ឋបាននិយាយថា ឆ្មាំល្បាតឆ្នេរ ម៉ូរីតានី បានរកឃើញសាកសពមនុស្ស ៨៩ នាក់នៅលើទូកនេសាទប្រពៃណីដ៏ធំមួយដែលបានលិចកាលពីថ្ងៃចន្ទទី១ ខែកក្កដា នៅលើឆ្នេរសមុទ្រនៃមហាសមុទ្រអាត្លង់ទិក ប្រហែល ៤គីឡូម៉ែត្រ ពីទីក្រុង ឌីអាហ្គោ (Ndiago) ភាគនិរតីរបស់ប្រទេសស្ថិតតំបន់អាហ្វ្រិកខាងលិចមួយនេះ ។

ទូកមួយដឹកមនុស្ស ៤១ នាក់មកដល់កំពង់ផែ ឡា រ៉េស្ទីនហ្គា (La Restinga) ក្នុងកោះ កាណារី (Canary) របស់ប្រទេសអេស្ប៉ាញ ។ អ្នកមួយចំនួនដែលមានសភាពទន់ខ្សោយ បានបញ្ជាក់ថាពួកគេបានរសាត់អណ្ដែតនៅសមុទ្រអស់រយៈពេលដប់ថ្ងៃមកហើយ។
ទីភ្នាក់ងារនេះបានដកស្រង់សម្ដីពីអ្នកនៅរស់រានមានជីវិតដោយនិយាយថា ទូកបានចេញដំណើរពីព្រំដែននៃប្រទេសសេណេហ្គាល់ និងហ្គាំប៊ី ដោយមានអ្នកដំណើរ ១៧០ នាក់ នៅលើទូក ដែលនាំឱ្យចំនួនអ្នកបាត់ខ្លួនកើនឡើងដល់ ៧២ នាក់។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋដដែលបាននិយាយថា ឆ្មាំល្បាតឆ្នេរ បានជួយសង្គ្រោះមនុស្ស៩នាក់ រួមទាំងក្មេងស្រីអាយុ៥ឆ្នាំម្នាក់ផងដែរ។
ផ្លូវទឹកក្នុងមហាសមុទ្រអាត្លង់ទិក មានគ្រោះថ្នាក់បំផុតដោយសារតែចរន្តទឹកក៏ដូចជារលកខ្លាំង រួមផ្សំទាំងការដឹកចំនួនជនអន្តោប្រវេសន៍លើសចំណុះ ហើយជាញឹកញាប់ពុំមានទឹកទទួលទានគ្រប់គ្រាន់៕