បាល់ទាត់៖ ក្រុមហង្សក្រហម Liverpool បានសំរេចហើយក្នុងការផ្ទេរកីឡាករស្វ៊ីស Xherdan Shaqiri ទៅកាន់ក្លិបបារាំង Olympique Lyon ក្នុងតម្លៃ ៩.៥លានផោន។ កីឡាករវ័យ ២៩ឆ្នាំដែលផ្ទេរមកកាន់ Liverpool ពី Stoke City កាលពីឆ្នាំ២០១៨ ក្នុងតម្លៃ ១៣លានផោននោះ មិនស្ថិតក្នុងជំរើសដំបូងរបស់អ្នកចាត់ការ Jurgen Klopp ឡើយ ដោយបង្ហាញខ្លួនបានតែ ៥ប្រកួតប៉ុណ្ណោះនៅ English Premier League រដូវកាលមុន។

មកដល់រដូវកាលនេះទៀតសោត Shaqiri ក៏មិនស្ថិតក្នុងគំរោងរបស់អ្នកចាត់ការអាល្លឺម៉ង់រូបនេះដែរ។ ក្នុងរយៈពេលជាមួយ Liverpool អតីតកីឡាកររបស់ Bayern Munich និង Inter Milan រូបនេះបង្ហាញខ្លួនសរុបបាន ៦៣លើករកបាន ៨គ្រាប់ឈ្នះជើងឯក UEFA Champions League និង English Premier League។ Xherdan Shaqiri បានក្លាយជាកីឡាករទី២ របស់ Liverpool ដែលចាកចេញទៅកាន់ទឹកដីបារាំងបន្ទាប់ពីខ្សែបម្រើហូឡង់ Georginio Wijnaldum ដែលផ្លាស់ទៅកាន់ Paris Saint Germain។ Shaqiri បង្ហាញខ្លួនបាន ៩៦លើកឱ្យក្រុមជំរើសជាតិស្វ៊ីស និងមានវត្តមាននៅ Euro ២០២០ ផងដែរដែលទំលាក់បារាំងនៅវគ្គ ១៦ក្រុមចុងក្រោយ មុនចាញ់អេស្ប៉ាញនៅវគ្គ ៨ក្រុមចុងក្រោយ៕
អត្ថបទ៖នាង សុភាវុធ