មេធាវីបាននិយាយនៅថ្ងៃសុក្រ (០៥ កក្កដា) នេះថា សកម្មជនហុងកុងដ៏លេចធ្លោ លោក ចសស្វ័រ វ័ង (Joshua Wong) គួរតែត្រូវបានចាត់ទុកថាជាអ្នកចូលរួមយ៉ាងសកម្មនៅក្នុងសំណុំរឿងវិទ្ធង្សនា (បំផ្លាញលទ្ធិប្រជាធិបតេយុ្យ) ដែលពាក់ព័ន្ធនឹងអ្នកប្រជាធិបតេយ្យចំនួន ៤៧ នាក់ ប៉ុន្តែបានជំរុញឱ្យតុលាការកាត់ទោសលោកឱ្យស្រាលជាងមុន ដោយសារលោកឆាប់ចូលខ្លួនសារភាពកំហុស។

លោក Wong វ័យ ២៧ ឆ្នាំគឺជាសកម្មជនប្រជាធិបតេយ្យម្នាក់ក្នុងចំណោមសកម្មជនប្រជាធិបតេយ្យរាប់សិបនាក់ ដែលត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០២១ សម្រាប់ការចូលរួមក្នុងការស្ទង់មតិក្រៅផ្លូវការដើម្បីជ្រើសរើសបេក្ខជនសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សានីតិប្បញ្ញត្តិឆ្នាំ២០២០។

ក្នុងចំណោមនោះ មនុស្ស ៤៧ នាក់ត្រូវបានចោទប្រកាន់ពីបទ «សមគំនិតដើម្បីប្រព្រឹត្តវិទ្ធង្សនា» ក្រោមច្បាប់សន្តិសុខជាតិ ដែលដាក់ដោយទីក្រុងប៉េកាំង។ មេធាវីរបស់លោក Wong គឺលោក ម៉ាកូ លី (Marco Li) បានប្រាប់តុលាការថា ខណៈពេលដែលកូនក្តីរបស់លោកគួរតែត្រូវបានចាត់ទុកថាជាអ្នកចូលរួមយ៉ាងសកម្មក្នុងការឃុបឃិតគ្នានោះ លោក Wong មិនមានការចូលរួមក្នុងការរៀបចំ ឬជួយក្នុងការបោះឆ្នោតបឋមនោះទេ ដូចនេះលោកគួរតែត្រូវបានបន្ធូរបន្ថយទោស។

នៅក្នុងទិដ្ឋភាពនៃការផ្ដល់ចម្លើយពីភាពមានទោសរបស់ Wong លោក Li បានជំរុញឱ្យកាត់បន្ថយមួយភាគបីនៃការកាត់ទោសរបស់លោក ដែលអាចមានរយៈពេលចន្លោះពី ៣ ឆ្នាំទៅ ១០ ឆ្នាំក្នុងពន្ធនាគារសម្រាប់អ្នកចូលរួមសកម្មក្នុងការសមគំនិត ប៉ុន្តែសម្រាប់អ្នកដែលត្រូវបានវិនិច្ឆ័យថាជា «ឧក្រិដ្ឋជនសំខាន់ក្នុងសំណុំរឿង» នឹងត្រូវជាប់ពន្ធនាគារមួយជីវិត៕